ខេត្តកណ្ដាលៈ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយពីខ្ចីម៉ូតូគេថាជិះទៅទិញស្រាបៀរ តែបែជាយកម៉ូតូគេទៅបញ្ចាំនៅរាជធានីភ្នំពេញ ។ ករណីរំលោភលើទំនុកចិត្តខាងលើនេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៧និង៣០នាទី ត្រង់ចំណុចបន្ទប់ជួលភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ ម៉ាច ចាន់ធី ហៅថុល ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះឈ្មោះ សំ ចាន់រឿន ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សម្ភារះបាត់បង់មាន៖ ម៉ូតូ១គ្រឿងម៉ាក HONDA Wave ពណ៌ខ្មៅ សេរីឆ្នាំ២០១២ ពាក់ស្លាកលេខកណ្តាល1 -1112 ។ ចំណែកវត្ថុតាងដកហូតបានមកវិញមាន៖ ទូរស័ព្ទដៃ១គ្រឿង ,កាបូបដៃពណ៌ខ្មៅចំនួន១ ,ប្រាក់រៀលចំនួន២១០០រៀល ,ប័ណ្ណសមាជិក ប.ស.ស ចំនួន១សន្លឹក ,កាតរោងចក្រ(Great Union)ចំនួន១សន្លឹក ។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ជនសង្ស័យបានមកបន្ទប់ជួលរបស់ជនរងគ្រោះ រួចនិយាយថា ខ្ចីម៉ូតូទៅទិញស្រាបៀរមួយភ្លែត ភ្លាមនោះជនរងគ្រោះក៏ឲ្យម៉ូតូទៅជនសង្ស័យខ្ចី ។ ក្រោយពីបានម៉ូតូពីជនរងគ្រោះរួច ភ្លាមនោះជនសង្ស័យបានជិះម៉ូតូចេញទៅក្រៅបាត់តែម្ដង ដោយជនរងគ្រោះចេះតែរងចាំមើលផ្លូវជនសង្ស័យតែពុំឃើញត្រឡប់មកវិញទេ រហូតមកដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ទើបជនសង្ស័យណាត់ជនរងគ្រោះជាម្ចាស់ម៉ូតូឲ្យមកជួបនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន ដើម្បីនិយាយគ្នា តែក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនសាកសួរតែ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះហើយបានយកម៉ូតូនោះទៅបញ្ចាំនៅហាងបញ្ចាំមិនចាំយីហោម្តុំឃ្លាំងរំសេវ បានលុយចំនួន៤០០ដុល្លារយកទៅសងគេ និងចាយអស់បាត់ទៅហើយ។
បន្ទាប់មកជនល្មើសត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីបន្តចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ