ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបន្តបង្ក្រាប ទីតាំងស្តុកគ្រឿងសម្អាងក្លែងក្លាយខុសច្បាប់មួយកន្លែងទៀត ដកហូតផលិតផលជាង៤តោន

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោក វ៉ាន់ ចាន់ធឿន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តីក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន បានបន្តបើកប្រតិបត្តិការបង្ក្រាបទីតាំងស្តុកគ្រឿងសម្អាងខុសច្បាប់មួយកន្លែងទៀត ដោយរកឃើញគ្រឿងសម្អាងក្លែងក្លាយមានដូចជា ឡេ ក្រែម សាប៊ូ និងវត្ថុធាតុដើមជាច្រើនទៀតសរុបចំនួន១៧មុខចំនួន៤៥០០គីឡូក្រាមរួមនឹងវត្ថុតាងមួយចំនួនទៀត និងឃាត់ខ្លួនម្ចាស់ទីតាំងខាងលើយកទៅសួនាំនៅនាយកដ្ឋានផងដែរ ។

ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ១ ផ្លូវQ6 សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ករណីបង្ក្រាបនេះ ធ្វើឡើងក្រោយ១ថ្ងៃបន្ទាប់ពីបង្ក្រាបប៊ីចេង ក្លែងក្លាយចំនួន២ទីតាំង នៅខណ្ឌឫស្សីកែវ និងខណ្ឌពោធិ៍សែនជ័យចំនួន២០តោន ។

បើតាមមន្ត្រីនគរបាលសេដ្ឋកិច្ចបានថ្លែងប្រាប់ថា នាព្រឹកថ្ងៃទី២៨ ខែសីហានេះ សមត្ថកិច្ចបានចុះឆែកទីតាំងផលិតគ្រឿងសម្អាងក្លែងក្លាយខុសច្បាប់មួយនេះ មិនត្រឹមតែស្តុកគ្រឿងសម្អាងក្លែងក្លាយប៉ុណ្ណោះទេ ថែមទាំងជាទីតាំងផលិត កែច្នៃ វេចខ្ចប់ និងចែកចាយគ្រឿងសម្អាងក្លែងក្លាយក្នុងកន្លែងតែមួយផងដែរ។

មន្ត្រីដដែលបានបន្តថា ក្រោមការសម្របសម្រួលនីតិវិធីពីលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រតិបត្តិការមួយនេះបានធ្វើឡើងនាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ដោយឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ឈ្មោះ អ៊ុច សម្បត្តិ អាយុ៣៣ឆ្នាំ។

កម្លាំងសមត្ថកិច្ចចម្រុះក៏បានរកឃើញ និងដកហូតភស្តុតាងមួយចំនួន រួមមាន ឡេ ក្រែម សាប៊ូ និងវត្ថុធាតុដើមជាច្រើនទៀតសរុបចំនួន១៧មុខ បើគិតជាទម្ងន់ប្រមាណ ៤.៥តោន (៤តោនកន្លះ) និងម៉ាស៊ីនលាយ ម៉ាស៊ីនច្រក ម៉ាស៊ីនអ៊ុត ម៉ាស៊ីនកាត់ និងបាញ់ខ្យល់។

ក្រោយពីត្រួតពិនិត្យ និងតាមការសម្រេចរបស់លោកព្រះរាជអាជ្ញារង កម្លាំងសមត្ថកិច្ចបានដកហូត និងរក្សាទុកនូវភស្តុតាងដែលរកឃើញ ព្រមទាំងរៀបចំបិទទីតាំងខុសច្បាប់ខាងលើតែម្ដង ចំណែកឯជនសង្ស័យជាម្ចាស់ទីតាំងឈ្មោះ អ៊ុច សម្បត្តិ ត្រូវបាននាំទៅសាកសួរបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មុនបន្តនីតិវិធីនៅសាលាដំបូងរាជធានីភ្នំពេញ ។

សូមជម្រាបថា ប្រតិបត្តិការបង្ក្រាបទីតាំងផលិត កែច្នៃ វេចខ្ចប់ ស្តុក និងចែកចាយគ្រឿងសម្អាងខុសច្បាប់មួយនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រតិបត្តិការបង្ក្រាបទីតាំងផលិត និងវេចខ្ចប់ប៊ីចេងក្លែងក្លាយនៅខណ្ឌឫស្សីកែវដូចគ្នា ដែលដកហូតបានប៊ីចេងក្លែងក្លាយយ៉ាងច្រើនសន្ធឹកសន្ធាប់៕ អរុណរះ


ចែករំលែក៖