ព័ត៌មានទាន់ហេតុការណ៍៖

សំណុំរឿង មន្ត្រីយោធាម្នាក់ និងបក្ខពួក លក់ដីខ្យល់នៅកំពត តុលាការឧទ្ធរណ៍ បង្កើនទោសជាប់គុក លើសតុលាការក្រុងភ្នំពេញ ៣ដង

ចែករំលែក៖

ភ្នំពេញ៖ ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ លោក ប្លង់ សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក នួន រតនា និងលោកស្រី គឹម ដានី ជាចៅក្រមប្រឹក្សា និងមានលោកស្រី យិន សុគន្ធារី ជាតំណាងមហាអយ្យការ បានបើកសវនាការប្រកាសសាលដីកា ចំនួន ២ សំណុំរឿង ដែលមានជនជាប់ចោទ ជាមន្ត្រីយោធាម្នាក់ និងជាអតីតមន្ត្រីក្រុមប្រឹក្សាឃុំ នៅខេត្តកំពតម្នាក់។

សាលដីកា ដែលប្រកាសនៅព្រឹកនេះ បានសម្រេច ផ្តន្ទាទោស ជនជាប់ចោទទី១ឈ្មោះ ស៊ុន សៀង ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ ជាមន្ត្រីយោធា និងទី២ឈ្មោះ ហេង សាន ភេទប្រុស អាយុ ៤៥ ឆ្នាំ ជាអតីតសមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត
ដូចខាងក្រោម៖

-សំណុំរឿងទី១៖ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់រយៈពេល ៦ខែ ដោយអនុវត្តទោសក្នុងពន្ធនាគារទាំង អស់ ពីបទ ឆបោក និងតម្រូវឲ្យជនជាប់ចោទរួមគ្នាសង សំណងទៅដើមបណ្តឹងចំនួន ៥ម៉ឺនដុល្លារ និងសងជំងឺចិត្ត ចំនួន ៥០០០ដុល្លារ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

-និងសំណុំរឿងទី២៖ មានចំនួន ០៣ បទចោទប្រកាន់ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់រយៈពេល ៣ឆ្នាំ ដោយអនុវត្តក្នុងពន្ធនាគារ ត្រឹម ១ឆ្នាំ៦ខែក្នុងពន្ធនាគារ ទោសនៅសល់ពីនោះព្យួរធម្មតា និងតម្រូវឲ្យសងប្រាក់ ៧៥ម៉ឺនដុល្លារ និងសងជំងឺចិត្ត ចំនួន ១០ម៉ឺនដុល្លារ ទៅដើមបណ្តឹង ពីបទ ក្លែងបន្លំ ស្នាមមេដៃពលរដ្ឋ ហត្ថលេខា និងត្រាអាជ្ញាធរ នៅខេត្តកំពត, ពីបទ ប្រើប្រាស់លិខិតក្លែង និងពីបទ ឆបោក ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា មាត្រា ៦២៦ មាត្រា ៦២៧ មាត្រា ៦២៨ មាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

មេធាវី តំណាង ជនរងគ្រោះ បានឲ្យដឹងថា កូនក្តី របស់ខ្លួន ពិតជាសប្បាយចិត្ត នៅពេលដែល តុលាការសាលាឧទ្ធរណ៍ សម្រេច ផ្តន្ទាទោស ក្រុមជនជាប់ចោទ ដាក់ពន្ធនាគារបន្ថែមបែបនេះ។

ទោះជាយ៉ាងណា ពួកគាត់យល់ថា ការបន្ថែមទោសក្នុងពន្ធនាគារនេះ ហាក់មិនទាន់ សមនឹងអំពើដែល ក្រុមជនជាប់ចោទបានប្រព្រឹត្តនោះទេ គួរតែតុលាការ ដាក់ឲ្យបានយូរជាងនេះ ដើម្បីកុំឲ្យបុគ្គលមួយចំនួនយកគំរូតាម ជនជាប់ចោទាំង ២នាក់នេះ។

គួររំលឹកថា លោក កូយ សៅ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់ បានចេញសាលាក្រម ព្រហ្មទណ្ឌលេខ ១១៩៤ “ម” ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ និងសាលក្រមព្រហ្មទណ្ឌលេខ ១១៩៥ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ដោយសម្រេចផ្តន្ទាទោស ជនជាប់ចោទ ទាំង ២នាក់ ចំនួន ៤បទចោទ នៃ ២សំណុំរឿងផ្សេងគ្នា ដោយដាក់គុក ២ឆ្នាំ ប៉ុន្តែអនុវត្តត្រឹមតែ ៦ខែ ប៉ុណ្ណោះ ទើប ព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ សម្រេចប្តឹងឧទ្ធរណ៍ប្រឆាំង នឹងសាលក្រមរបស់លោកចៅក្រម កូយ សៅ តែម្តង៕សតារា


ចែករំលែក៖