ភ្នំពេញ៖នាព្រឹកថ្ងៃពុធ ទី២៩ ខែសីហា នេះ ដំណើរការកំណែមុខវិជ្ជាទាំង១០នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី២០ ខែសីហា ត្រូវបានបញ្ចប់ទាំងស្រុងងៀយ ក្រោយការបំពេញភារកិច្ចយ៉ាងសកម្ម និងទំនួលខុសត្រូវខ្ពស់ពីប្រធាន អនុប្រធានមណ្ឌលកំណែ គណៈកម្មការទាំងអស់ ព្រមទាំងការចូលរួមសង្កេតការណ៍ជាប្រចាំពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។
ហ្វេសប៊ុកផេកក្រសួងអប់រំ យុវជន និង កីឡា សរសេរថា បន្ទាប់ពីបញ្ចប់ដំណើរការកំណែ ប្រធាន អនុប្រធានមណ្ឌលទាំងអស់ បានដឹកសន្លឹក MCS និងឯកសារផ្សេងៗមករក្សាទុកនៅនាយកដ្ឋានកិច្ចការប្រឡង ដើម្បីចាប់ផ្ដើមរៀបចំដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ ដោយឡែក សន្លឹកកិច្ចការរបស់បេក្ខជន ត្រូវបានដឹកមករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិ៕ ចេស្តា