រុស្ស៊ីនឹងបង្ហាញពីសមត្ថភាពយោធា និងសម្ពាវុធនៅក្នុងការធ្វើសមយុទ្ធជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមត្រជាក់។ សមយុទ្ធនេះនឹងត្រូវធ្វើឡើងនៅខែកញ្ញាខាងមុខ ដោយមានការចូលរួមពីកម្លាំងទាហានជាង៣សែននាក់ និងយន្តហោះចម្បាំងជាង១ពាន់គ្រឿង។
សមយុទ្ធមានឈ្មោះថា Vostok-2018 នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែកញ្ញា នៅភាគខាងកើតទឹកដីរុស្ស៊ី ដោយមានការចូលរួមពីកម្លាំងទាហានចិន ម៉ុងហ្គោលី។ សមយុទ្ធខាងលើកើតឡើងចំពេលដែលអាមេរិកបង្កើនការដាក់ទណ្ឌកម្មទៅលើទីក្រុងមូស្កូ។
អង្គការណាតូបានបញ្ជាក់ថា សមយុទ្ធរបស់រុស្ស៊ីជាសញ្ញាមួយបង្ហាញឲ្យឃើញថា រុស្ស៊ីមានការប្តេជ្ញាការពារខ្លួនជាងពេលនានាទាំងអស់។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានបញ្ជាក់ថា សមយុទ្ធ Vostok 2018 ដែលមានទ្រង់ទ្រាយធំដូចការធ្វើសមយុទ្ធកាលពីខែកញ្ញា ឆ្នាំ១៩៨១ ដែលមានឈ្មោះថាZapad-81។ តាមបណ្តាញទូរទស្សរុស្ស៊ី បានផ្សាយថា សមយុទ្ធ Zapad 81 ជាសមយុទ្ធទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក ដោយមានការចូលរួមពីកម្លាំងទាហានជាង ១សែននាក់។
លោក Shoigu បានបញ្ជាក់ថា «សមយុទ្ធលើកនេះ មានការចូលរួមពីយន្តហោះចម្បាំងជាង១.០០០គ្រឿង និងទាហានដល់ទៅ៣សែននាក់»។
អ្នកនាំពាក្យអង្គការណាតូ លោក Dylan White បាននិយាយថា ដោយសារតែសមយុទ្ធ Vostok 2018 នៅតំបន់ភាគខាងកើត ទើបទីក្រុងមូស្កូមិនចាំបាច់ផ្តល់ព័ត៌មានលោកខាងលិច។ សមយុទ្ធខាងលើបង្ហាញឲ្យឃើញថា រុស្ស៊ីពិតជាបានបង្កើនសមត្ថភាពយោធាកាន់តែខ្លាំងឡើងតាំងពីលោក ពូទីន ឡើងកាន់តំណែងប្រធានាធិបតីរុស្ស៊ី។
អ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បាននិយាយទៅកាន់អ្នកសារព័ត៌មានថា ការប្រើប្រាស់មូលនិធីជាតិ សម្រាប់ការពារជាតិ គឺជារឿងសមហេតុផល បើទោះបីសេដ្ឋកិច្ចជាតិមានបញ្ហា ដោយសារតែការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច៕ ម៉ែវ សាធី