ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអានៈ បើតែយ៉ាងនេះរលាយហិនហោចហើយអណ្តើកស្រុកយើង

ចែករំលែក៖

ប្រជាពលរដ្ឋ រស់នៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលបានសរសេរលិខិតមួយច្បាប់ទៅកាន់ការិយាល័យនិពន្ធកាសែត នគរវត្ត ឲ្យជួយចុះផ្សាយដើម្បីថ្នាក់លើបានដឹងបានឮ ជាពិសេសអាជ្ញធរស្រុក និង ផ្នែកជលផលនិងនេសាទតែម្តង អំពីក្រុមទុច្ចរឹតមួយចំនួនប្រើវិធីបំផ្លាញសត្វអណ្តើកតាមរយៈប្រើបច្ចេកទេសម៉ាស៊ីនបំពងសំឡេងដូចបំផ្ទុះគ្រាប់បែកនៅក្នុងទឹក ។

ប្រជាពលរដ្ឋទាំងនោះបានអត្ថាធិប្បាយវិធីចាប់អណ្តើកដោយប្រើឧបករណ៍ម៉ាស៊ីនរបស់ ក្រុម ទុច្ចរឹតទាំងនោះថា ពួកគេបានកែច្នៃម៉ាស៊ីនមានកម្លាំង ៨សេសឡើងទៅរួចតទុយយោពីលើកាណូតឬទូកដូចបំពង់ស៊ីម៉ាំងម៉ូតូមុជចូលដល់បាតដី រួចគេចេះច្នៃឲ្យមានស្នូរផ្ទុះពីបំពង់ស៊ីម៉ាំងនោះដូចគ្រាប់បែកកក្រើកទឹកហើយបើកកាណូតក្រឡឹងជុំវិញទីតាំងណាដែលគេសង្ស័យ ថាមានអណ្តើកជាច្រើនពួនសម្ងំនៅទីនោះ ។ វិធីនេះគឺធ្វើឲ្យសត្វអណ្តើកខ្ទរទ្រហឹងត្រចៀក រងាក់រងើលែងដឹងស្មារតីសម្ងំក្នុងភក់ឬទឹកមិនបានក៏នាំគ្នាបណ្តែតខ្លួនមកលើទឹក ហើយពេលនោះពួកគេត្រងយកអណ្តើកទាំងនោះយ៉ាងងាយបំផុត ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ក្នុងការបំផ្ទុះសំឡេងដើម្បីចាប់អណ្តើកនេះគេធ្វើនៅតែពេលយប់ ជាពិសេសនៅភូមិជ័យឧត្តមមួយ និងជ័យឧត្តម២ ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ធ្វើ ឲ្យប្រជាពលរដ្ឋដេកពួនមិនទេ ។ គេមិនដឹងថាបច្ចេកទេសថ្មីក្នុងការចាប់អណ្តើកនេះកើតចេញ ពីណាមកនោះទេ គ្រាដែលស្រុកយើងកន្លងមកមិនដែលធ្លាប់មានទាល់តែសោះ ហើយវាមិន ខុសពីកាលមុនស្រុកយើងមិនដែលប្រើអាគុយឬកម្លាំងចរន្តអគ្គិសនី ឆក់ត្រី ឆក់អន្ទង់ ដូចសព្វ ថ្ងៃនេះដែរ ។

ប្រជាពលរដ្ឋមិនចោទអាជ្ញាធរដែនដី ឬ ជំនាញជលផល ថាបានត្រូវដងត្រូវផ្លែនឹងក្រុមទុច្ចរឹត បង្កើតឲ្យមានការបំផ្លាញសត្វអណ្តើកដែលជិតផុតពូជទៅហើយនោះដោយវិធីប្រើឧបករណ៍បំផ្ទុះជាថ្នូរនឹងលុយចិញ្ចឹមឆ្នាំងបាយនោះទេ ប៉ុន្តែបើបានជ្រាបហើយ សូមមេត្តាចុះទៅពិនិត្យ ឬបង្ក្រាបខ្លះទៅ បើពុំដូច្នោះទេនឹងផុតពូជអណ្តើកស្រុកខ្មែរមិនខាន ព្រោះពេលបំផ្ទុះម្តងៗសូម្បីតែ កា្តម ខ្យង កំពិស ។ ល ។ ក៏មិនសល់ដែរ ៕ ប្រជាពលរដ្ឋឃុំសំរោងធំ

 


ចែករំលែក៖