ព័ត៌មានទាន់ហេតុការណ៍៖

កុងតឺន័របើកកៀរបុរសម្នាក់របួសធ្ងន់ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបន្ទាប់ពីរថយន្តកុងតឺន័រ បើកកៀរបណ្តាលឲ្យរងរបួសរួចមក ។

សពត្រូវបានរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តរង់ចាំស្រាវជ្រាវរកក្រុមគហរួសារមកទទួលយកទៅធ្វើបុណ្យ ។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីរសៀលថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៦៧ ~៦៨ ចំណុចភូមិត្រពាំងអត់ទឹក ឃុំគីរីវន្ត័ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត១គ្រឿងម៉ាក STERLING ពណ៌ខៀវ ស្លាកលេខភ្នំពេញ ៣D.២០៣២ សឺម៉ីរ៉ឺម៉កពណ៌ ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 4A0400 បើកបរមកពីទិសខាងលិច ទៅទិសខាងកើត អ្នកបើកបរមិនស្គាល់ឈ្មោះ ដល់ចំណុចខាងលើ បានកៀរម៉ូតូ១គ្រឿង ម៉ាកហុងដា គុបមូល៥០ ពណ៌ខៀវ គ្មានស្លាកលេខ គ្មានបំពាក់កញ្ចក់មើលក្រោយ មិនពាក់មួកសុវត្ថិភាព អ្នកបើកបរមិនស្គាល់ឈ្មោះ និងអាសយដ្ឋាន ដែលបើកបរស្របទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសង្រ្គោះមន្ទីរពេទ្យស្រុកភ្នំស្រួច ដឹកទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្ត ។

ក្រោយកើតហេតុ រថយន្តបង្កបានបើករត់មកដល់ចំណុចគីឡូម៉ែត្រ ៥៩,៦០ ស្ថិតនៅចំណុចភូមិក្បាលថ្នល់ ឃុំមហាំង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ អ្នកបើកបរបានឈប់រថយន្ត ចុះរត់គេចខ្លួនបាត់ ។

ចំណែកជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្រ្គោះ តែជាអកុសលបានស្លាប់ពេលបញ្ជូនដល់ន្ទីរពេទ្យ ។

ក្នុងនោះផងដែរ សមត្ថកិច្ចក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋណា ដែលបាត់សមាជិក ជិះម៉ូតូដូចខាងលើ សូមទាក់ទងមកសមត្ថកិច្ចដើម្បីទទួលសពទៅធ្វើបុណ្យតាមប្រពៃណី ។

ចំពោះវត្ថុតាង ម៉ូតូខូចខាតស្រាល សមត្ថកិច្ចបាននាំយកមករក្សាទុក នៅអធិការដ្ឋាននគបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖