ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៩ សីហា ២០១៨ លោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាលបានប្រាប់ឲ្យដឹងថា ពាក់ពន្ធ័នឹងសំណុំរឿងករណីគ្រឿងញៀន ដែលនគរបាលក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យ៤នាក់ កាលពីថ្ងៃទី២៨ សីហា ២០១៨ នោះ នៅល្ងាចថ្ងៃទី២៨ សីហា ២០១៨ ត្រូវបានលោកសាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាលសម្រេចដោះលែងជនសង្ស័យបីនាក់ និងសម្រេចឃុំខ្លួនជនសង្ស័យម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន ដោយ”យោងតាមរបាយការណ៍របស់សមត្ថកិច្ច និងចម្លើយសារភាពរបស់ជនសង្ស័យ”។
ជនសង្ស័យដែលត្រូវលោកចៅក្រមដោះលែង ទី១ឈ្មោះ ហួត សំណាង ហៅក្រៅ សំណាង ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានស្រុកកំណើត នៅភូមិថ្មី ឃុំតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទីលំនៅបច្ចុប្បន្ន នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី០៣ឈ្មោះ គ្រុយ លីហួរ ហៅក្រៅ ហួរ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើត នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទីលំនៅបច្ចុប្បន្ន នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី០៣ឈ្មោះ ម៉ែន ភារះ ហៅក្រៅ ណី ភេទប្រុស អាយុ៣៩ ឆ្នាំ មុខរបរ នៅផ្ទះ ស្រុកកំណើត នៅភូមិបាណោក ឃុំបាណោក ស្រុកមោងឬស្សី ខេត្តបាត់ដំបង ទី០៣ទីលំនៅបច្ចប្បន្ន នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ក្រោយបញ្ចប់ការសាកសួរ កាលពីរសៀលថ្ងៃទី២៨ ខែសីហា លោកស្រី ស៊ូ សុជាតា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល បានសម្រេចចោទប្រកាន់ជនសង្ស័យម្នាក់ពីបទ”ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” ។ ចំណែក៣នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទរក្សាទុក និងប្រើប្រាស់ ។
ប្រភពព័ត៌មានអះអាងថា ព្រះរាជអាជ្ញារង បានគូសសញ្ញាស្នើឱ្យមានការឃុំខ្លួនជនត្រូវចោទទាំង៤នាក់ ពេលបញ្ជូនដល់ដៃចៅក្រមស៊ើបសួរ ។ ប៉ុន្តែនៅដំណាក់កាលនេះ ក្រោយការពិនិត្យអង្គហេតុ និង ទិដ្ឋភាពផ្លូវច្បាប់ រួចហើយ លោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ហួត សុវណ្ណ ដាក់ពន្ធនាគារបណ្ដោះ ក្រោមការចោទប្រកាន់ពីបទ”ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” ប្រព្រឹត្តនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ តាមមាត្រា៤០ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
ដោយឡែក ជនត្រូវចោទ៣នាក់ផ្សេងទៀត ដែលលោកព្រះរាជអាជ្ញារង ស៊ូ សុជាតា ចោទប្រកាន់ពីបទរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន ត្រូវបានលោកសាយ សម្ផស្សសេរី សម្រេចមិនឃុំខ្លួនទេ ដោយដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។
បញ្ហានេះប្រភពព័ត៌មាន បញ្ជាក់នៅថ្ងៃទី២៩ ខែសីហា ថា ព្រះរាជអាជ្ញា កំពុងសិក្សាថា តើគួរប្តឹងទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ ប្រឆាំងនឹងការសម្រេចរបស់ចៅក្រមស៊ើបសួរ ដែរឬទេ ? ជុំវិញការសម្រេចមិនឃុំខ្លួននេះ ។
របាយការណ៍របស់នគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ដោយមានការរាយការណ៍ពីមហាជនល្អហើយ កម្លាំងសមត្ថកិច្ចក៏បានចុះទៅឆែកឆេរនៅផ្ទះជនសង្ស័យចំណុច ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ចំនួន៧កញ្ចប់ (តូច) ហើយក៏ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅតែម្តង។ នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័ឈ្មោះ ហួត សុវណ្ណ បានឆ្លើយថា ថ្នាំញៀននេះពិតជារបស់ខ្លួនដែលបានពីបុរសម្នាក់ ឈ្មោះ ចិត្រ មានទីលំនៅស្ថិតនៅម្តុំភូមិយួន ហើយចំណែកជនសង្ស័យ៣នាក់ទៀតឈ្មោះ ហួត សំណាង ឈ្មោះ គ្រុយ លីហួរ និង ឈ្មោះ ម៉ែន ភារះ គេបានសារភាពថា ថ្នាំញៀននឹងមិនមែនជារបស់គេទេ គេគ្រាន់តែទៅជក់នៅផ្ទះហួត សុវណ្ណ តែប៉ុណ្ណោះ ។
នេះជាការសន្និដ្ឋានរបស់មន្ត្រីនគរបាលយុត្តិធម៌ ។ ប៉ុន្តែនៅដំណាក់កាល ព្រះរាជអាជ្ញារង ស៊ូ សុជាតា គឺ បានចោទប្រកាន់ពីបទរក្សាទុក និងប្រើប្រាស់គ្រឿងញៀន ៕ ឆ ដា