ខេត្កតណ្ដាល៖ នគរបាលខេត្តកណ្ដាល សម្រេចឃាត់ខ្លួនជនជាតិ២នាក់ ករណីបើកសិប្បកម្មផលិតបារីខុសច្បាប់ កាលពីល្ងាចថ្ងៃទី២៨ ខែសីហា ។ ទន្ទឹមនេះ ប្រភពព័ត៌មាន បញ្ជាក់ថា មានអ្នកកំពុងរត់ការដោះលែង និង បើកអាជីវកម្មឡើងវិញ ។
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល បង្ក្រាបសិប្បកម្មផលិតបារីខុសច្បាប់នេះ នៅចំណុចឃ្លាំងជួលរបស់លោកគង់ សុវណ្ណារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ លើផ្លូវលេខ២០១ ភូមិកំពង់សំណាញ់សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ប្រភពព័ត៌មាន បញ្ជាក់ថា ជនជាតិទាំងពីរនាក់ឈ្មោះ XU CHUI YAO និង ឈ្មោះ JIANG SHAO CONG ។
ការចុះបង្ក្រាបនៅពេលនេះ គឺ ធ្វើឡើងយោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន ខ្មែរធីបងប្អូន អ៊ីម៉ិច ចុះបញ្ជីក្រោមលេខ០០២០៤៨៨ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ មានវិញ្ញាបណ្ណបត្របញ្ជាក់ចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មលេខMOC-97673026ពណ ចបព ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ មានការិយាល័យកណ្តាលស្ថិតនៅ អគារលេខ១០០k ផ្លូវលេខ៥៨បភូមិទួលគោគ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញតំណាងដោយលោកស្រី សាត ដានេ ។
ក្រោយពីបានឆែកឆេរកឃើញបទល្មើសនេះ សមត្ថកិច្ចចាប់ដកហូតយកតែសំបកកញ្ចប់បារីម៉ាក ESSE និងនាំជនជាតិចិនពីរនាក់មកសាកសួរនៅស្នងការរដ្ឋាននគរ បាលខេត្តកណ្តាល។
ចំណែកបារីម៉ាកផ្សេងទៀតនិងសម្ភារៈវត្ថុធាតុដើមដែលបម្រើការក្នុងការផលិតបារី ត្រូវបានលោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី សម្រេចក្លំបេបិទបណ្តោះអាសន្នរង់ចាំអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់ ៕ ចេស្តា