ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន​ចិនធំមួយ​​ ប្រតិបត្តិការ​អាជីវកម្ម​ដោយ​អត់ច្បាប់គៀងគរប្រមូលប្រាក់ជួញដូរ កាសអេឡិចត្រូនិច Cryptocurrency/Digital Assets​ ត្រូវ​អាជ្ញាធរ​បញ្ជាឲ្យបិទទ្វារជាបន្ទាន់

ចែករំលែក៖

ភ្នំពេញ​៖ ក្រុម​ហ៊ុន​ចិន​អត់ច្បាប់ដ៏ធំ​មួយ​ ឈ្មោះ​ ឌីជីថល​ អ៊ិនធឺណេសិនណល​ អ៊ែសេត​ ត្រេឌីង​ សេនអឺ​ (BTKTrade Digital International Assets Trading Center)​ មាន​អសយដ្ឋាន​អគារ​លេខ​៤៨​ ផ្លូវ​លេខ​៨៤​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​គណៈកម្មការ​ចម្រុះ​ សម្រេច​បិទ​អាជីវកម្ម​ទាំងស្រុង ដើម្បីបញ្ចៀសហានិភ័យប្រជាពលរដ្ឋចាញ់បោក អស់លុយកាក់ដោយមិនដឹងខ្លួន ។

កាលពី​ថ្ងៃទី​២៤​ ខែ​សីហា​​ មានសមាសភាព​ចូលរួម​ពី​ក្រុមការងារ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ គណៈកម្មការ​មូលបត្រ​កម្ពុជា​ និង​ កម្លាំង​នគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការ​ត្រួតពិនិត្យ​កិច្ចការ​ការងារ​រដ្ឋបាល​ ដោយ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​រួម ចុះ​ថ្ងៃ​ទី​១១​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ រវាង​ធនាគារ​ជាតិ​នៃ​កម្ពុជា​ គណៈកម្មការ​មូលបត្រ​កម្ពុជា​ នឹង​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ ស្តីពីការជួញដូរ លក់ដូរ និងគៀងគរប្រជាពលរដ្ឋដាក់ប្រាក់វិនិយោគដោយគ្មានច្បាប់អនុញ្ញាត​ ។

ក្រុមការងារបានចុះពិនិត្យនៅទីតាំងល្មើសផ្ទាល់ ជួបតំណាង​ក្រុមហ៊ុន​ ឈ្មោះ​ Ding Nan (Anna) ភេទ​ស្រី​ ជនជាតិ​ចិន​ ជា​ប្រធាន​រដ្ឋបាល​ និង​ ឈ្មោះ​ Liu Xu ភេទប្រុស​ ជនជាតិ​ចិន​ ជា​បុគ្គលិក​រដ្ឋបាល​ និង​ ឈ្មោះ​ ហ៊ី​ សុង​ឆាយ​ ជនជាតិ​ខ្មែរ​ ជា​អ្នក​បកប្រែ​ខ្មែរ​ ចិន និងបានពិនិត្យឃើញ កុំព្យូទ័រចំនួន ២៩៨ គ្រើង​ដែលជាឧបករណ៍ដើម្បីប្រព្រឹត្តអាជីវកម្ម។

តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ លោក​ឧត្តមសេនីយ៍​ទោ​ មៀច​ ដេវីត​ បញ្ជាក់​ថា ការ ប្រមែប្រមូលប្រាក់ពីប្រជាពលរដ្ឋដើម្បីវិនិយោគតាមប្រពន័្ធ blockchain និង កាសអេលិចត្រូនិក វាមានហានិភ័យខ្ពស់ ដោយសារការយល់ដឹងរបស់ប្រជាពលរដ្ឋ ទៅលើបច្ចេកវិជ្ជាថ្មីនេះ នៅមានកម្រិត ហើយប្រជាពលរដ្ឋងាយទទួលការអូសទាញ ចាញ់បោកដោយសារក្រុមហ៊ុនប្រមូលលុយកាក់មិនមានច្បាប់ទាល់តែសោះ ហើយក៏មិនមានប្រាក់ដំកល់ ជាទំនុកចិត្តសម្រាប់អ្នកវិនិយោគទេ ។ បើថៅកែវេចលុយរបស់អ្នកវិនិយោគរត់បាត់ តើអ្នកណាទទួលខុសត្រូវ?​ ក្រោយ​បញ្ចប់​ការ​ត្រួតពិនិត្យ​ ក្រុមការងារ​ បានណែនាំទៅក្រុមហ៊ុន​ចំនួន​៤ចំណុច​ ៖​

ទី​១៖ ផ្អាក​អាជីវកម្ម​ទាំង​ស្រុង​​ រហូត​ដល់​មាន​ការ​អនុញ្ញាត​អាជ្ញាប័ណ្ណ​ស្រប​តាម​ច្បាប់​ ។

ទី២៖ ត្រូវ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​ ជួញដូរ​ កៀរ​គរ​អតិថិជន​ និង​ ប្រមូល​ប្រាក់គ្រប់រូបភាព​ ។

ទី៣៖​ ត្រូវ​រុះរើ​ផ្លាក​អាជីវកម្ម​ចេញ ជៀសវាងការយល់ច្រឡំ​ ។

ទី​៤៖​ ទៅសុំច្បាប់ អាជិវកម្ម និងអាជ្ញាប័ណ្ណឲ្យត្រឹមត្រូវ។

នៅថ្ងៃទី ២៩ ខែសីហា ក្រុមការងារបានចុះទៅទីតាំងដដែល ដើម្បីត្រូតពិនិត្យលើការអនុវត្តតាមសេចក្តីណែនាំ និងឃើញថា ក្រុមហ៊ុនពិតជាទំលាក់ស្លាកហើយបានធ្វើកិច្ចសន្យាបញ្ឈប់អាជីវកម្មទាំងស្រុង ខណៈដែលមិនទាន់មានច្បាប់អនុញ្ញាត ។

ក្រុមការងារសូមបញ្ជាក់ជូនសាធារណជនដើម្បីជ្រាប់ថា៖ បច្ចុប្បន្ន ការគៀងគរអតិថិជន ការផ្សព្វផ្សាយការជួញដូរ ក្នុងរូបភាពណាក៏ដោយ ដើម្បីប្រមូកប្រាក់ដើម្បីវិនិយោគ លើវិស័យកាសអេលិចត្រូនិក (cryptocurrency ឬ digital assets) គឺជាទង្វើមិនស្របនឹងច្បាប់ នៃព្រះរាជជាណាចក្យកម្ពុជាឡើយ ៕ សុខ ខេមរា

 

 


ចែករំលែក៖