ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានជនសង្ស័យមានគ្នា២នាក់ប្រដាប់ដោយកាំភ្លើងមួយដើមបានបាញ់ប្លន់យកម៉ូតូមួយគ្រឿងគេចខ្លួនបាត់ដោយសុវត្ថិភាព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងកើតប៉ុស្តិ៍២៤ ប្រមាណជា២០ម៉ែត្រ តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ស៊ុន សុផាន់ណា ភេទប្រុស អាយុ២០ឆ្នាំ មានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ជនរងគ្រោះបានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ រូបគេបានជិះម៉ូតូហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាក0437 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងពីលិចមកកើត លុះមកដល់ចំណុចកើតខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាកតាមមកពីក្រោយ រួចដកកាំភ្លើងភ្ជង់ ព្រមទាំងបាញ់គំរាមមួយគ្រាប់ ប្លន់យកម៉ូតូ ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាពតែម្ដង។
ក្រោយកើតហេតុជនរងគ្រោះបានទៅប៉ុស្តិ៍ចោមចៅ១ ដើម្បីដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ និងឈានទៅដល់កំណត់មុខសញ្ញាចាប់យកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ