ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់របស់ចិនបាន ថ្លែងថានឹងបន្តជួយរាល់តម្រូវការរបស់កម្ពុជា ដោយសារតែកម្ពុជាជាមិត្តចាស់និងជាមិត្តដ៏ល្អរបស់ចិន។ ការអះអាងបែបនេះបានធ្វើឡើងក្នុងពេលដែលលោកសុង ថាវ (SONG TOA) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរ ជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅវិមានសន្តិភាពកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៨ ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ក្រុម អ្នកយកព័ត៌មាននៅក្រោយជំនួបថា ក្នុង ជំនួបនោះលោក សុង ថាវ បាននាំមកនូវសារអបអរសាទររបស់ប្រធានាធិបតីចិន លោក សុី ជីនពីង ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលទទួលបានជោគជ័យយ៉ាង ភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ ។
លោក អ៊ាង សុផល្លែត បានដកស្រង់ សម្តីរបស់លោក សុង ថាវ មកប្រាប់ក្រុមអ្នក យកព័ត៌មានថា «ក្នុងនាមរដ្ឋាភិបាលចិនលោកបានសម្តែងការគាំទ្រចំពោះគណ បក្សប្រជាជនកម្ពុជាក៏ដូចជាគាំទ្រចំពោះសម្ដេចតេជោដែលបានដឹកនាំកម្ពុជាដើម្បីឆ្ពោះទៅកាន់ការអភិវឌ្ឍលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនរួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យមានការរីកចម្រើនផងដែរ។ ជាងនេះទៅទៀតដើម្បីរក្សាសុខសន្តិភាពនិងស្ថិរភាពក្នុងតំបន់បន្ថែមទៀត» ។
ក្រៅពីបង្ហាញការអបអរសាទរចំពោះជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន ហើយនោះមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលចិនរូបនេះថែមទាំងបានបញ្ជាក់ពីជំហររឹងមាំរបស់ចិនថានឹងបន្តជួយគ្រប់តម្រូវការ របស់កម្ពុជាដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ ដោយសារតែកម្ពុជាគឺជាមិត្តចាស់ និងជា មិត្តដ៏ល្អរបស់កម្ពុជា ។
លោក សុង ថាវ បានបញ្ជាក់ថា កម្ពុជា គឺជាមិត្តចាស់ មិត្តល្អ និងមានកិច្ចសហ ប្រតិបត្តិការយ៉ាងល្អជាមួយប្រទេសចិន។ កន្លងមកទោះបីមានអ្វីកើតឡើងក៏ដោយក៏ទំនាក់ទំនងនេះនៅតែបន្តយ៉ាងរឹងមាំ ហើយ ដោយគ្មានការផ្លាស់ប្ដូរឡើយ។ ជាមួយនឹង ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៀតនោះទំនាក់ទំនងរវាងកម្ពុជានឹងចិនក៏បានកើតឡើងយ៉ាងឆាប់រហ័សផងដែរ។ លើស ពីនោះមានកិច្ចសន្យា និងកិច្ចព្រមព្រៀងជា ច្រើនចុះហត្ថលេខាដែលកិច្ចព្រមព្រៀងនោះបានផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងអស់ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែង អំណរគុណលោក សុង ថាវ ហើយក៏បានអរគុណចំពោះប្រធានាធិបតីចិនលោក សុី ជីនពីង ដែលបានអបអរសាទរចំពោះជោគ ជ័យរបស់សម្តេច។ សម្តេចតេជោក៏បានធ្វើបទឧទ្ទេសនាមអំពីកំណែទម្រង់របស់ កម្ពុជាក៏ដូចជាដំណើរការបោះឆ្នោត ព្រមទាំងប្រវត្តិនៃលទ្ធផលការបោះឆ្នោតនៅ កម្ពុជា និងនៅប្រទេសជិតខាងផងដែរ ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលក៏បានជម្រាបលោក សុង ថាវ អំពីស្ថានភាព ទូទៅរបស់កម្ពុជា និងបានថ្លែងអំណរគុណ ចំពោះមិត្តចិន ប្រជាជនចិនដែលកន្លងមកតែងតែបានជួយកម្ពុជា និងបានផ្ដល់កិច្ច សហប្រតិបត្តិការល្អដល់កម្ពុជា ។
ក្នុងជំនួបនាព្រឹកនោះក្រៅពីការពិភាក្សាលើការងារទូទៅសម្ដេចតេជោបានបំពាក់មេដាយគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ជូនលោក សុង ថាវ ផងដែរ។ ការបំពាក់គ្រឿងឥស្សរ យសនេះដើម្បីលើកទឹកចិត្តជូនលោក សុង ថាវ ដែលជាមន្ត្រីជាន់ខ្ពស់របស់ចិន មួយរូបតែងបានរួមចំណែកក្នុងការធ្វើឲ្យ ទំនាក់ទំនង និងសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានឹងចិន ។
ការបំពាក់មេដាយនេះមិនមែនផ្តល់ជូនលោក សុង ថាវ តែម្នាក់នោះទេកន្លងមកក៏ធ្លាប់បានផ្ដល់ជូនឥស្សរជនល្បីៗជាច្រើន ដែលជាការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការផ្តល់ជូនគ្រឿងឥស្សរិយយសនេះ ៕ ហេង សូរិយា