ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញស្រីម្នាក់ ចងកសម្លាប់ខ្លួន នៅដើមឈើបង្កការផ្អើលកាលពីម៉ោងជាង៥ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅលើដើមត្របែកព្រៃមួយដើមនៅចិញ្ចើមផ្លូវព្រះសុីសុវត្ថិ ខាងកើតមន្ទីរពេទ្យព្រះកេតុមាលា ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលធ្វើអត្តឃាតដោយចងកនេះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ស្លៀកពាក់ខោអាវឈុត ហើយនៅក្រោមដើមឈើ កន្លែងកើតហេតុគេឃើញមានស្បែកជើងមួយគូ ពណ៌ខ្មៅ ស្ត្រីធ្វើអត្តឃាតនេះ ដោយយកខ្សែអង្រឹងនៅលើដើមត្របែកព្រៃ ដែលមានកម្ពស់ពីដីប្រមាណ២ម៉ែត្រ។
ប្រភពព័ត៌មានពីសមត្ថកិច្ចដែលទៅដល់កន្លែងកើតហេតុឲ្យដឹងទៀតថា ប្រជាពលរដ្ឋបានប្រទះឃើញហើយរាយការណ៍ប្រាប់អាជ្ញាធរ រួចសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើកោសល្យវិច័យតែម្តង។
បន្ទាប់ពីធ្វើកោសល្យវិច្ច័យរួចសមត្ថកិច្ចឲ្យដឹងថា សពពិតជាស្លាប់ដោយចងធ្វើអត្តឃាតពិតប្រាកដមែន សពត្រូវបានដឹកទៅតម្កល់ទុកក្នុងវត្តស្ទឹងមានជ័យដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ