ខេត្តបាត់ដំបង ៖ ឃាតកដែលចាប់ រំលោភរួចសម្លាប់ស្រ្តីម្នាក់យកសពទៅបោះចោលក្នុងទឹកស្រះ ត្រូវបានកម្លាំង ជំនាញស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសហការជាមួយកម្លាំងអធិការដ្ឋានស្រុក សង្កែស៊ើបអង្កេតឈានដល់ការឃាត់ខ្លួន ដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិវិធី។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងទី៣១ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមអន្ត រាគមន៍បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ដោយមានការបញ្ជាដោយផ្ទាល់ពីឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បានបើកការស៊ើបអង្កេត និងស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់រហូតកំណត់បានមុខសញ្ញា ជនសង្ស័យហៅមកសាកសួរជុំវិញករណីអំពើឃាតកម្មរំលោភសម្លាប់ខាងលើ។
លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានឲ្យដឹងទៀតថានៅថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមអន្តរាគមន៍បង្ការ បង្ក្រាបបានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆុន ឆាន ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ជាប់ពាក់ព័ន្ធសកម្មភាពចាប់រំលោភសេពសន្ថវៈរួចសម្លាប់ ទៅលើជនរងគ្រោះឈ្មោះ ឆន សឿត ភេទស្រី អាយុ ២៦ឆ្នាំ មានទីលំនៅភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ ដំបង។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ឲ្យដឹងថា កាលពីយប់ថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ កន្លងមកនេះត្រង់ចំណុចវាលស្រែ អូរបន្ទាត់មាសក្រុម២៩ ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ មានករណីប្រទះឃើញសពនារីម្នាក់ ត្រូវបានជនល្មើសចាប់រំលោភរួចសម្លាប់យកសពទៅទម្រាក់ក្នុងស្រះទឹកបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញសហការជាមួយអធិការដ្ឋានស្រុកសង្កែ បានចុះស្រាវជ្រាវ និងស៊ើបអង្កេតជុំវិញ កន្លែងកើតហេតុ លុះព្រឹកថ្ងៃទី៣០ ខែសីហាកំណត់បានមុខសញ្ញាជនសង្ស័យម្នាក់ហៅយកទៅសាកសួរតាមនីតិវិធី។
លោកស្នងកការរង បានបន្តទៀតថា ក្រោយពីសាកសួរ នៅថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងទី៣១ ខែសីហា ឆ្នាំ២០១៨នេះ ជនសង្ស័យឈ្មោះ ឆុន ឆាន ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភបានសម្រេចលើនារីរងគ្រោះរួចវាយសម្លាប់ យកសពទៅបោះចោលក្នុងទឹកស្រះពិតប្រាកដមែន។
ជនសង្ស័យឈ្មោះ ឆុន ឆាន បាន សារភាពថា ជារៀងរាលថ្ងៃតែងតែឃើញនារីរងគ្រោះមកឃ្លាលគោក្បែរខ្ទមស្នាក់នៅរបស់ខ្លួន ហើយនៅថ្ងៃកើតហេតុនា ព្រលប់ៗ ថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ខ្លួនឃើញជនរងគ្រោះអង្គុយម្នាក់ឯងក្នុងស្ថានភាពស្ងាត់ក៏ធ្វើសកម្មភាពវាយ និងយកកណ្តៀវរបស់នារីគ្រោះភ្ជង់ គំរាមរំលោភសេពសន្ថវៈរហូតបានសម្រេចនិងបីស្រ្តី រងគ្រោះទៅដាក់មាត់ស្រះរួមដកបង្គោលគល់ឫស្សីវាយបន្ថែមឲ្យស្លាប់ទើបទម្លាក់សពចូលក្នុងទឹកតែម្តង។
បច្ចុប្បន្នការិយាល័យជំនាញកំពុងតែ កសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕ ហេង នរិន្ទ្រ