ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ​ ហាក់​អស់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​ ពេល​លោក​ចៅក្រម​ ហម​ ម៉េងសែ​ ដោះលែង​ថៅកែ​ផលិត​ប៊ីចេង​ក្លែងក្លាយ​ចំនួន​១៧តោន​

ចែករំលែក៖

​ភ្នំពេញ៖ មាន​ការ​បញ្ចេញ​មតិ​ច្រើន​ ជុំវិញ​ការ​សម្រេចចិត្ត​ដ៏​ភ្ញាក់ផ្អើល​របស់​លោក​ហម​ ម៉េង​សែ​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​មិន​ឃុំ​ខ្លួន​ស្ត្រី​ម្ចាស់​ទីតាំង​ផលិត​ប៊ីចេង​ក្លែងក្លាយ​ចំនួន​១៧តោន​ រួច​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ ។

ក្រោយ​ទទួល​ដំណឹង​អំពី​ការ​ដោះលែង​នេះ​ អ្នក​លេង​ហ្វេសប៊ុក​ មាន​មតិ​ផ្សេង​ៗ​ ដែល​ភាគច្រើន​ គឺ​ មិន​យល់​ស្រប​ចំពោះ​ការ​ដោះលែង​នេះ​ឡើយ​ ។

Rathana Dy បញ្ចេញ​មតិ​ថា​ “ជា​អ្វី​ដែល​ប្រជាពលរដ្ឋ​ភាគច្រើន​បាត់បង់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​ ។ Pisey Attila សរសេរ​ថា​”ព្រោះ​តែ​លុយ​មនុស្ស​ហ៊ាន​ធ្វើ​គ្រប់យ៉ាង​មិន​ខ្វល់​នរណា​ស្លាប់​ឬ​ក៏​រស់​នោះទេ​”។

អ្នក​លេង​ហ្វេសប៊ុក​ម្នាក់​ទៀត​ សរសេរ​ថា”អាណិត​តែប៉ូលិសទេខំចាប់ច្បាប់អ្នកដោះ”។ នៅ​មាន​ការ​បញ្ចេញ​មតិ​ជា​ច្រើន​ទៀត​ជុំវិញ​ការ​សម្រេចចិត្ត​ដោះលែង​នេះ​ ។

គួរ​បញ្ជាក់​ថា​ ស្ត្រី​ឈ្មោះ​ សុខ​ វួច​លីន​ ជា​ម្ចាស់​ទីតាំង​ផលិត​ប៊ីចេង​ក្លែងក្លាយ​រាប់​តោន​ នៅ​ខណ្ឌ​ឫស្សីកែវ​ ត្រូវ​បាន​លោក​ហម​ ម៉េង​សែ​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ល្ងាច​ថ្ងៃ​ទី​៣១​ ខែ​សីហា​ នេះ​ សម្រេច​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ ។

ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​ បង្ហើប​ឱ្យ​ដឹងថា​ ការ​សម្រេច​មិន​ឃុំ​ខ្លួន​ជនត្រូវចោទ​ សុខ​ វួចលីន​ នេះ​ គឺលោក​ចៅក្រម​ ហម​ ម៉េងសែ​ បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ ។

មជ្ឈដ្ឋាន​ជា​ច្រើន​ លើកឡើង​ថា​ ត្រឹម​ផលិត​ប៊ីចេង​ក្លែងក្លាយ​ ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​ពលរដ្ឋ​ប៉ុណ្ណោះ​ ។ ការ​ដោះលែង​នេះ​ គឺ​ ជា​ឆន្ទានុសិទ្ធិ​របស់​របស់​លោក​ចៅក្រម​ ហម​ ម៉េងសែ​ ដែល​ជា​អំណាច​ឯករាជ្យ​ ។

ស្ត្រីម្នាក់ជាម្ចាស់ទីតាំងវេចខ្ចប់ប៊ីចេង រស់នៅផ្ទះ លេខAB4-5 ផ្លូវ56R សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ​ ឈ្មោះសុខ វួចលីន អាយុ៤១ឆ្នាំ​ បានត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៧ ខែសីហា ក្នុងប្រតិបត្តិការចុះឆែកឆេរទីតាំងវេចខ្ចប់ប៊ីចេងដែលសមត្ថកិច្ចចោទថាក្លែងក្លាយ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតភស្តុតាមួយចំនួនមាន​ ប៊ីចេងបាវសចំនួន ៣៥២បាវ ប៊ីចេងបាវគគីរចំនួន ១២៥បាវ ប៊ីចេងរាយម៉ាកWin winចំនួន ១៤០បាវ ប៊ីចេងច្រករួច(500g)ចំនួន ៣២បាវ ប៊ីចេងច្រករួចម៉ាកGold Cupចំនួន ៤៧កេស ប៊ីចេងរូបវែក(250g) និងប៊ីចេងរាយមិនទាន់វេចខ្ចប់មួយចំនួនទៀតសរុបទំងន់ទាំងអស់ប្រមាណ១៧តោន ៕ចេស្តា


ចែករំលែក៖