ភ្នំពេញ៖ ក្មេងប្រុសម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ខណៈប្រឡែកលេងជាមួយប្អូន ដោយនៅជិតខ្សែភ្លើង ហើយបានប៉ះឆក់ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពក្មេងរងគ្រោះ ឈ្មោះ គា សំអ៊ាង ភេទប្រុស អាយុ១៣ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅ ភូមិអង្គាបុស្ស ឃុំអង្គារ៍បុស្ស ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
សាក្សីបានឲ្យដឹងថា នៅមុនកើតហេតុជនរងគ្រោះ បានហូបបាយជាមួយឪពុកម្ដាយនៅក្នុងការដ្ឋានធ្វើឃ្លាំងមួយកន្លែង រួចហើយឪពុកម្ដាយក៏ទៅធ្វើការងាររៀងខ្លួន បន្ទាប់មក ជនរងគ្រោះ និងប្អូនក៏ប្រឡែងគ្នាលេងពីរនាក់បងប្អូន ដោយនៅជិតនឹងកន្លែងលេង មានខ្សែភ្លើង និងមានទឹកសើមផងនោះ ក៏ឆ្លងចរន្តឆក់បងប្រុស បន្ទាប់មកគេ ក៏ដឹកយកទៅពេទ្យតែបានដាច់ខ្យល់ស្លាប់បាត់ ។
តាមការពិនិត្យពីជំនាញកោសល្យវិច័យខណ្ឌ និងក្រុងគឺពុំមានពាក់ព័ន្ធនឹងអំពើឃាតកម្មនោះទេ គឺឆ្លងចរន្តភ្លើងឆក់ស្លាប់ ហើយក្រុមគ្រួសារនៃសព ក៏ពុំបានប្ដឹងផ្ដល់ទៅលើបុគ្គលណាដែរ និងសុំយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ សុខាសែនជ័យ