ភ្នំពេញ៖ លោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ IDEA ត្រូវបានលោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កោះអញ្ជើញចូលបំភ្លឺនៅថ្ងៃទី៣០ ខែកញ្ញា ខាងមុខនេះ ក្នុងនាមជាសាក្សី ពាក់ព័ន្ធសំណុំរឿងលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ។ នេះបើយោងតាមដីកាកោះអញ្ជើញរបស់តុលាការ ។
សូមបញ្ជាក់ថា រហូតមកទល់ថ្ងៃទី៣ ខែកញ្ញា នេះ លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគាររយៈពេល១ឆ្នាំគត់ ពាក់ព័ន្ធបទក្បត់ជាតិ លួចទាក់ទងជាសម្ងាត់ជាមួយអាមេរិក ដើម្បីផ្តួលរាជរដ្ឋាភិបាលស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។
លោកកឹម សុខា ត្រូវបានឃុំខ្លួនដាក់ពន្ធនាគារនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទសន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។
បទសន្ធិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ឆ្នាំដល់៣០ឆ្នាំ។
ទោះបីជាមានការស្នើសុំនៅក្រៅឃុំជាច្រើនលើកច្រើនសារ តែទីបំផុត តុលាការគ្រប់ជាន់ថ្នាក់ បានបដិសេធសំណើនេះជាបន្តបន្ទាប់ ដោយអះអាងថា ការអនុញ្ញាតឱ្យលោកកឹម សុខា នៅក្រៅឃុំ គឺ អាចប៉ះពាល់នីតិវិធី ទន្ទឹមដែលមេធាវីមិនយល់បែបនេះក៏ដោយ ។
ព្រឹត្តិការណ៍ចុងក្រោយ ដែលអ្នកនយោបាយនិងបុគ្គលសំខាន់ៗមួយចំនួន ត្រូវបានតុលាការដោះលែងជាបន្តបន្ទាប់ ដែលអ្នកខ្លះត្រូវបានដោះលែងតាមសំណើរបស់នាយករដ្ឋមន្ត្រីក្តីនោះ មជ្ឈដ្ឋានជាច្រើន យល់ថា លោកកឹម សុខា អាចនឹងត្រូវដោះលែងដែរ ។
ប៉ុន្តែទីបំផុត លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ សម្រេចបន្តឃុំខ្លួនលោកកឹម សុខា ក្នុងពន្ធនាគារដដែលដោយមិនអនុញ្ញាតឱ្យនៅក្រៅឃុំបណ្តោះអាសន្នទេ៕ ចេស្តា