ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យជាករណីឃាតកម្ម បុរសម្នាក់ស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់​ បេ៩​

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់​ដេកស្លាប់ផ្កាប់មុខនៅលើគ្រែពូកនៅក្នុងបន្ទប់ផ្ទះសំណាក់​ យីហោ​ បេ៩​ សង្ស័យជាករណីឃាតកម្ម ​។ ហេតុការណ៍នេះ​ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង​២រសៀល​ ថ្ងៃទី៣​ ខែកញ្ញា​ ឆ្នាំ​២០១៨​ នៅចំណុចផ្ទះលេខ43B9 ផ្លូវលេខ៨៦​ ស្ថិតនៅក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ​ ជី​ ពៅ​ អាយុ​ ៣៥ឆ្នាំ​ មានស្រុកកំណើតនៅភូមិព្រែកតារ័ត្ន​ ឃុំពោធិ៍បាន​ ស្រុកកោះធំ​ ខេត្តកណ្តាល (យោងតាមអត្តសញ្ញាណប័ណ្ណ)។

ប្រភពព័ត៌មាន​ពីបុគ្គលិកដែលបម្រើការនៅក្នុងផ្ទះសំណាក់​ បានប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុ​ម៉ោង​ ១និង០០នាទីរសៀល​ ថ្ងៃទី៣​ ខែកញ្ញា​ ឆ្នាំ​២០១៨​ មានបុរសម្នាក់​ ជិះម៉ូតូ​ មួយគ្រឿង​ ម៉ាក​ ហុងដា ឌ្រីមសង់​ សេ១២៥​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០១៧​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GB-4355 បានឌុបនារីម្នាក់​មករកបន្ទប់ស្នាក់នៅ​ ភ្លាមៗនោះ​ បុគ្គលិកដែលបម្រើការនៅទីនោះ​ បានយកសោបន្ទប់ឡៅតឿ ជាន់ទី១​ ឲ្យទៅបុរសនោះ​ ដើម្បីចូលទៅស្នាក់នៅ ។

លុះដល់ម៉ោង​ ១និង៣០នាទីរសៀល​ ស្រាប់តែនារីរូបនោះបានចុះមកខាងក្រោមតែម្នាក់ឯង​ រួចចេញទៅខាងក្រៅបាត់​ ដោយមិនឃើញត្រឡប់មកវិញសោះ ។ ដោយមានការសង្ស័យបុគ្គលិកដែលបម្រើការនៅទីនោះ​ បានឡើងទៅមើល​ ស្រាប់តែឃើញបុរសរងជនគ្រោះរូបនេះ​ បានដេកផ្កាប់មុខស្លាប់នៅលើគ្រែពូកតែម្នាក់ឯង​ ដោយមិនមានស្លៀកសំលៀកបំពាក់អ្វីទាំងអស់​ រីឯសម្ភាររបស់ជនរងគ្រោះបានបាត់បង់មួយចំនួន​រួមមាន​ ទូរស័ព្ទ​ដៃ​ មួយគ្រឿ​ង​ និងកាបូបលុយ ។

ក្រោយមក​ បុគ្គលិក​ដែលបម្រើការងារនៅទីនោះ​ បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន​ ឲ្យចុះមកពិនិត្យនៅក្នុងផ្ទះសំណាក់ ។ នៅពេលដែលសមត្ថកិច្ចមូលដ្ឋានចុះមកដល់ផ្ទះសំណាក់​ ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីពិនិត្យមើលសាកសពបុរសរងគ្រោះ។

បច្ចុប្បន្ន​ សាកសពត្រូវសមត្ថកិច្ចយកដឹកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ​ ដើម្បីរង់ចាំស្រាវជ្រាវ​ និងស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី​នៅឯស្រុកកំណើត​ រឺឯម៉ូតូរបស់បុរសរងគ្រោះ​ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលស្រះចក ៕ ជ្រោយពេជ្រ


ចែករំលែក៖