ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកម្តាយ ធ្វេសប្រហែសបណ្តោយកូនស្រីដើរទៅលេងផ្ទះម្តាយធំ លង់ទឹកស្រះស្លាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ ដោយសារឪពុកម្តាយ រវល់ការងាររៀងៗខ្លួន មិនបានចាប់អារម្មណ៍ មិនបានឃ្លាំមើលកូនស្រី រត់ទៅលេងផ្ទះម្តាយធំ រួចទៅលេងមាត់ស្រះខាងក្រោយផ្ទះ រអិលជើងធ្លាក់លង់ស្លាប់តែម្នាក់ឯងយ៉ាងអាណោចអាធ័ម ។ ហេតុការណ៍គួរឲ្យតក់ស្លុតនេះ បានកើតឡើងកាលពីម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអំពៅ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកភ្នំស្រួច បានឲ្យដឹងថា កុមារីរងគ្រោះឈ្មោះផៃ សុខខេន អាយុ៥ឆ្នាំ មានឪពុកឈ្មោះផៃ ឈុនលី និងម្តាយឈ្មោះទួន សុខគា អាយុ៣០ឆ្នាំ ។ ពួកគេរស់នៅភូមិអំពៅ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានពីស្ត្រីឈ្មោះផៃ ធឿន អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ ត្រូវជាម្តាយធំកុមារីរងគ្រោះ បានឆ្លើយប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គាត់នៅផ្ទះម្នាក់ឯងរវល់ធ្វើការងារផ្ទះ មិនបានដឹងក្មួយស្រីដើរមកលេងផ្ទះគាត់ទេ រហូតឪពុកម្តាយកុមារីរងគ្រោះ បាត់កូនស្រីមិនឃើញនៅផ្ទះ ក៏ដើរមកសួរគាត់ ហើយក៏នាំគ្នាដើររកក៏ប្រទះឃើញសាកសពកុមារីរងគ្រោះ ស្លាប់អណ្តែតក្នុងស្រះទឹកខាងក្រោយផ្ទះគាត់បាត់ទៅហើយ បណ្តាលឲ្យឪពុកម្តាយស្រែកទ្រហោយំស្ទុះស្រង់កូនស្រីឡើងលើគោកដើម្បីសង្គ្រោះជីវិត តែហួសពេលមិនអាចសង្គ្រោះបាន។

ក្រោយកើតហេតុ សមត្ថកិច្ចបានចមកពិនិត្យនិងធ្វើកោសល្យវិច័យ មិនមានស្លាកស្នាមណាជាប់ពាក់ព័ន្ធអំពើឃាតកម្មទេ រួចក៏ប្រគល់សាកសពកុមារីរងគ្រោះឲ្យអាណាព្យាបាល ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ សេនាស័ក្តិ


ចែករំលែក៖