ខេត្តសៀមរាប ៖ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបអះអាងថា អាជ្ញាធរខេត្តបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួយសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករជាង២ពាន់ហិកតា ដែលរងគ្រោះដោយសារភាពរាំងស្ងួត នៅស្រុកចំនួន៣ក្នុងខេត្តសៀមរាបរួមមាន ស្រុកក្រឡាញ់, ស្រុកស្រីស្នំ និងស្រុកអង្គរជុំ ហើយប៉ះពាល់ដល់ដំណាំស្រូវជាង ២ពាន់ហិកតា ព្រោះដោយសារតំបន់ទាំងនោះមិនមានប្រភពទឹកគ្រប់គ្រាន់សំរាប់ការងារបង្កបង្កើនផល ។
លោក ទា គឹមសុទ្ធប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៨នេះថា អាជ្ញាធរខេត្តសៀមរាបបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួយប្រជាកសិករ ខណៈដែលដំណាំស្រូវរបស់ពួកគាត់បានជួបគ្រោះរាំងស្ងួត ដែលគ្រោះរាំងស្ងួតនេះ បានកើតឡើងនៅស្រុកចំនួន៣ គឺស្រុកក្រឡាញ់, ស្រុកស្រីស្នំ និងស្រុកអង្គរជុំ ហើយប៉ះពាល់ដល់ដំណាំស្រូវជាង២ពាន់ហិកតា ព្រោះដោយសារតំបន់ទាំងនោះមិនមានប្រភពទឹកគ្រប់គ្រាន់ សំរាប់ការងារបង្កបង្កើនផល ។
លោកបានមានប្រសាសន៍បន្តថា មន្ទីរកសិកម្មខេត្តបានសហការជាមួយមន្ត្រីជំនាញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅតាមតំបន់ដែលរងការខូចខាត ហើយមកទល់ពេលនេះស្ថានភាពរងគ្រោះហាក់មានភាពល្អប្រសើរជាងមុន ដោយសាមានភ្លៀងធ្លាក់នៅតំបន់ទាំងនោះខ្លះហើយកាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ហើយសម្រាប់ប្រជាពលរដ្ឋដែលរងការខូចខាតស្រូវទាំងស្រុង មន្ទីរក៏បានត្រៀមគ្រាប់ពូជសម្រាប់ចែកជូនប្រជាពលរដ្ឋឲ្យអនុវត្តការងារបង្កបង្កើនផលឡើងវិញ ដើម្បីរួមចំណែកដោះស្រាយជីវភាពប្រជាពលរដ្ឋនៅពេលខាងមុខ ។
លោក លុក ផុស អភិបាលស្រុកអង្គរជុំ បានមានប្រសាសន៍ថា ដំណាំស្រូវដែលរងផលប៉ះពាល់នេះ មិនបានខូចទាំងស្រុងនោះទេ ហើយក៏អាចទទួលបានផលមួយចំនួនដែរ ប៉ុន្តែទិន្នផលស្រូវអាចនឹងធ្លាក់ចុះជាងឆ្នាំមុន ខណៈពេលនេះក្នុងស្រុកអង្គរជុំ ហាក់មិនសូវមានទឹកភ្លៀងធ្លាក់មកគ្រប់គ្រាន់សម្រាប់សម្រួលដល់ការដាំដុះទេ ម្យ៉ាងដោយសាប្រព័ន្ធធារាស្ត្រប្រឡាយមេ ដែលធ្លាប់ហូរធ្លាក់ពីស្រុកវ៉ារិន មកនោះ មិនមានទឹកគ្រប់គ្រាន់ទៀត ទើបធ្វើឲ្យប្រជាពលរដ្ឋជួបគ្រោះរាំងស្ងួតបែបនេះ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏អាជ្ញាធរស្រុកបានសហការជាមួយមន្ទីរកសិកម្មរួចរាល់ហើយដែរ ដើម្បីជួយប្រជាកសិករដែលរងគ្រោះ ៕ ប៊ុនរិទ្ធី