ប៉ោយប៉ែត៖ សមត្ថកិច្ច នឹងចាត់ការលើម្ចាស់ផ្ទះ ដែលជួលឲ្យអ្នកលក់បើនៅតែមិនអនុវត្តន៍ តាមការណែនាំនេះ ។ បើតាមការបញ្ជាក់ពីលោកយ៉ាន អ៊ុយអៀង អធិការរង ទទួលបន្ទុកផែនសណ្ដាប់ធ្នាប់ ចរាចរណ៍ក្រុងប៉ោយប៉ែត ប្រាប់តាមទូរស័ព្ទកាលពីព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ គ្រាដែលលោក និងកម្លាំងក្រោមឱវាទបានចុះណែនាំដល់អាជីវករ ដែលតែងតែយកចិញ្ចើមផ្លូវសាធារណ: ដាក់តាំងលក់ដូរ ឬក៏ជួលឲ្យទៅអ្នកផ្សេងធ្វើឲ្យបាត់បង់នូវសោភណ្ឌភាពទីក្រុង។
ចំណែកអ្នកស្រុកបានលើកឡើងថា មានទីតាំចំនួន៣កន្លែងទៀត ដែលធ្វើឲ្យពលរដ្ឋរិះគន់ជាខ្លាំង ទី១ ទីតាំងស្តង់សត្តឃាតជ្រូក ទី២ កន្លែងអាជីវកម្មត្រីងៀត ទីតាំងខាងលើនេះ បានចាក់ទឹកសំណល់ស្អុយបង្ហៀរទឹក មកលើផ្លូវសារណ: ធ្វើឲ្យបាត់បង់សោភណ្ឌភាព ប៉ះពាល់បរិស្ថាន និងបង្កជាជំងឺឆ្លងផងដែរ ។
ពួកគាត់បន្ត ថែមទៀតថា ចំពោះមន្ទីរសំរាកព្យាបាលរុងរឿងវិញ ដែលជាកន្លែងស្ងប់ស្ងាត់ ចំពោះអ្នកជំងឺ បែរជាម្ចាស់ទីតាំងជួលមុខផ្ទះ ទៅឲ្យអ្នកស្រុកលក់បន្លែ ត្រី សាច់គ្រប់ប្រភេទ ខ្វះអនាម័យ ដល់អ្នកជំងឺកំពុងសម្រាកក្នុងគេហដ្ឋានរបស់ខ្លួន និងបង្កផលប៉ះពាល់ដល់ផ្លូវសាធារណ:ផងដែរ ។ កត្តាទាំនេះហើយ បានធ្វើឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ។
លោកអធិការរងបានបន្ថែមថា កត្តាខាងលើនេះ លោក នឹងចុះអនុវត្តជារៀងរាល់ថ្ងៃ ជាមួយកម្លាំងក្រោមឱវាទរបស់លោក ។
លោកថា បើបញ្ហាការងារសណ្ដាប់ធ្នាប់លើកទី១ លោក នឹងអប់រំ គាត់ ហើយបើគ្មានម្ចាស់ទេនោះ លោកនឹងដក់សម្ភារទៅទុកកន្លែងអធិការដ្ឋាន ដើម្បីអប់រំ និងទី២ យើង បានណែនាំតាមម្ចាស់គេហដ្ឋានដែលគាត់ជួលមុខលំនៅឋាន ឲ្យដល់អ្នកលក់អនាធិបតេយ្យ យកចិញ្ចើមផូវធ្វើជាមុខរបរ លោកកោះហៅឲ្យទៅកន្លែងអធិការ ឲ្យគាត់បញ្ឈប់ ព្រោះលោកមិនអប់រំនៅកន្លែងទីតាំលក់ដូរនោះទេ ពួកគាត់មិនអនុវត្តតាមសមត្ថកិច្ច ដូច្នេះដំណាក់កាលទី២នេះ លោកឲ្យកម្លាំងចុះស្រង់វត្តមាន ហើយអញ្ជើញទៅកន្លែងអធិការដ្ឋានឲ្យផ្តិតមេដៃបញ្ឈប់ការលក់ដូរតាមផ្លូវអនាធិបតេយ្យ។
ចំពោះកន្លែងទីសត្តឃាត និងកន្លែងអាជីវកម្មត្រីងៀត ក៏លោកណែនាំដែរ តែចំណាត់ការដែលធំនោះ តម្រូវលើអាជ្ញាធរហើយក៏មិនជាកិច្ចការរបស់សមត្ថកិច្ចដែរ តែកម្លាំងសមត្ថកិច្ច នឹងសហការជាមួយអាជ្ញាធរដើម្បីចាត់ការលើទីតាំងទាំងអស់នោះ ៕ វណ្ណា