ភ្នំពេញ ៖ ដោយមានក្តីអាណិត អាសូរ និងទុក្ខលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងនោះ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ បានចាត់ឱ្យក្រុមវេជ្ជសាស្ត្រសម្តេចតេជោ និងការងារមនុស្សធម៌ នាំយកអំណោយមនុស្សធម៌ជាទឹកប្រាក់ចំនួន ៥០០ដុល្លារ និងវះកាត់ដោយឥតគិតថ្លៃ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនក្រុមគ្រួសារកុមាររងគ្រោះដោយរលាកភ្លើង។
គួរបញ្ជាក់ថា : កុមាររងគ្រោះដោយរលាកភ្លើងនាពេលនោះ ដោយសារពេលឪពុកម្តាយទៅសុីឈ្នួលច្រូតស្រូវអោយគេ។ បណ្តាលអោយកុមារតូចនេះយកដំឡូងទៅដុតក្នុងភ្នក់ភ្លើងចំបើងធ្វើអោយរាលដាលឆាបឆេះរលាកពេញខ្លួនតែម្តង ឪពុកម្តាយបានយកកុមាររងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា តែពេទ្យមិនហ៊ានវះកាត់គឺទុកអោយជាសះស្បើយមុខរបួស និងដុះសាច់ជិតសិន។ បើគិតមកដល់ពេលនេះមានរយះពេល ៨ខែទើបឪពុកម្តាយសម្រេចចិត្តយកកុមារនេះ មកវះកាត់នៅមន្ទីរពេទ្យកុមារជាតិ ក្នុងរាជធានីភ្នំពេញ។ កុមាររងគ្រោះមានឈ្មោះ សង ដេវីត អាយុជាង២ឆ្នាំ ឪពុកឈ្មោះ សុីម សង អាយុ៣៣ឆ្នាំ ម្តាយឈ្មោះ គួង គឹម អាយុ៣៤ឆ្នាំ រស់នៅភូមិព្រះត្រពាំង ឃុំដំដែក ស្រុកសូនិគមន៍ ខេត្តសៀមរាប។
ក្រុមគ្រួសារកុមាររងគ្រោះ បានសម្តែងសមានចិត្តសប្បាយរីករាយ រំភើបឥតឧបមា និងថ្លែងអំណរគុណដល់សម្តេចទាំងទ្វេ ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ជាពិសេស សូមជូនពរសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារឱ្យមានសុខភាពល្អពេញបរិបូរណ៌ ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យរីកចម្រើន ជាបន្តបន្ទាបទៅទៀត ៕ សុខ ខេមរា