ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់តូចចិត្តគ្មានលុយចិញ្ចឹមកូន ប៉ុនប៉ងសម្លាប់ខ្លួនផ្អើលអ្នកភូមិនៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីមានកូនខ្ចីម្នាក់ បានស្រែកទ្រហ៊ោយំ និងប៉ុនប៉ងរត់ចូលរថយន្តសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើល នៅតាមផ្លូវជាតិលេខ១ ត្រង់ចំណុចដេប៉ូឈើមួយកន្លែង ក្នុងភូមិសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ខណៈដែលប្តីចេញទៅធ្វើកម្មករលីសែង នៅកន្លែងលក់ឈើ និងគ្រឿងសំណង់ ហើយមិនព្រមត្រឡប់មកផ្ទះ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ។

យោងតាមស្ត្រីគិតខ្លី ប៉ងសម្លាប់ខ្លួន មានឈ្មោះ សូ មុំ រស់នៅក្នុងគ្រួសារក្រីក្រ មួយ​ក្នុងភូមិសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានរៀវរាប់ទាំងទឹកភ្នែកថា រូបនាងត្រូវបានម្តាយឪពុកបង្កើត បងប្អូនកាត់កាលចោល ព្រោះតែស្រឡាញ់ប្តី ដែលឪពុកម្តាយមិនពេញចិត្ត ហើយក៏សម្រេចចិត្ត រត់ទៅរៀបការខាងប្តី បានជាង១ឆ្នាំមកហើយ ជាប់ជាចំណងដៃកូនស្រីមួយ ដែលទើបតែមានអាយុ៣ខែ ។

ខណៈដែលប្តី ចេញទៅធ្វើជាកម្មករលីសែង នៅក្នុងដេប៉ូឈើមួយកន្លែង​ ក្នុងភូមិសម្ភ័រ ឃុំសំបួរ ដើម្បីរកថវិកាមកផ្គត់ផ្គង់ក្នុងគ្រួសារ តែក្តីសង្ឃឹម បានប្រែជារលាយសាបសូន្យ ដោយចាប់តាំងពីប្តីខ្លួន មកធ្វើការជាកម្មករ នៅកន្លែងដេប៉ូឈើនេះ មិនដែលទៅផ្ទះវិញទេ ហើយលុយកាក់ ក៏មិនឃើញផ្ញើឲ្យដែរ ធ្វើឲ្យជីវភាពក្នុងគ្រួសារ រស់នៅក្នុងខ្ទមកំសត់ សូម្បីតែភ្លើង ក៏គ្មានប្រើផង ផ្ទះងងឹតសូន្យសុង លឺតែសំឡេងកង្កែប ចង្រិត យំពេលរាត្រី សុខចិត្តយំឱបកូនខ្ចី ស្រណោះខ្លួនរត់តាមប្តី តែប្តីមិននៅជួបជុំ ជីវិតហាក់បីដូចអស់សង្ឃឹម ចង់តែស្លាប់ ដើម្បីផុតទុក្ខ ដ៏មហាសែនលំបាកមួយនេះ។

បើតាមស្ត្រីអភ័ព្ធខាងលើ បានបន្តទៀតថា ពេលដាំបាយគ្មានអង្ករ ច្រកឆ្នាំង រត់ទៅខ្ចីអង្ករអ្នកជិតខាង សង្ឃឹមលុយប្តី តែមិនឃើញប្តីមក ក៏សម្រេចចិត្តជួលម៉ូតូឌុប ជិះមកតាមប្តីដើម្បីបានលុយខ្លះ អ្វីៗមិនដូចបំណងប្រាថ្នាទាល់តែសោះ ខណៈមកជួបមុខប្តី បែរជាប្តីមិនព្រមទៅផ្ទះ ហើយចង់ចែកផ្លូវទៅទៀត តើឲ្យស្ត្រីណាមិនឈឺចិត្ត ទើបរូបនាងសម្រេចចិត្ត រត់ចូលរថយន្ត និងម៉ូតូគេ ដើម្បីបញ្ចប់ជីវិតដ៏ស្មុគស្មាញមួយនេះ។

ស្រីមុំ បានរៀបរាប់ទាំងទ្រហ៊ោយំទៀតថា ប្តីខ្លួនមានឈ្មោះ យស់ កាន អាយុ២៦ឆ្នាំ ជាអ្នកភូមិជាមួយគ្នា ចាប់តាំងរៀបការជាមួយគ្នា បានជាងមួយឆ្នាំមកនេះ ពុំដែលវាយតប់នាងទេ ហើយកាលពីមិនទាន់ មកធ្វើការកន្លែងលក់ឈើនេះ គេមានមុខរបរដើរតាមឡានដឹកឥដ្ឋ ហើយបានមកផ្ទះ ជួបជុំប្រពន្ធកូនរាល់ថ្ងៃ និងបានលុយចូលផ្ទះខ្លះ តែចាប់តាំងប្តីខ្លួនមានមិត្តភក្កិ ធ្វើការនៅដេប៉ូឈើនេះ បានអូសទាញប្តី អោយមកធ្វើការ មិនទៅផ្ទះវិញទេ ធ្វើអោយនាងកំព្រារងារ រស់នៅតែពីរនាក់ម្តាយកូន យ៉ាងវេទនាជាពន់ពេក ។

ពាក់ព័ន្ធនឹងករណីនេះដែរ បើតាមឈ្មោះ យស់ កាន ត្រូវជាប្តីរបស់នារីគិតខ្លី បានបញ្ជាក់ថា ខ្លួនមិនបានរត់ចោលប្រពន្ធកូនទេ ដោយសារជីវភាពខ្វះខាត ចេញពីផ្ទះមកធ្វើកម្មករលីសែងអោយគេ នៅដេប៉ូឈើខាងលើនេះ គ្រាន់តែមិនបានទៅផ្ទះ ព្រោះរវល់ទៅតាមរថយន្តដឹកឥវ៉ាន់ មកវិញយប់ មិនបានទៅផ្ទះវិញតែប៉ុណ្ណោះ ហើយក៏មិនបានលែងលះគ្នាដែរ ។

ក្រោយពីមានព្រឹត្តិការណ៍ភ្ញាក់ផ្អើលនេះ ប្រជាពលរដ្ឋក៏បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន មកសាកសួរ និងធ្វើការអប់រំ កុំអោយស្ត្រីគិតខ្លីនេះ ធ្វើអំពើឆោតល្ងង់បែបនេះតទៅទៀត និងត្រូវចេះស្រឡាញ់គ្រួសារ ជាពិសេសកូនដែលនៅតូចមិនដឹងអី ហើយមករងគ្រោះដោយសារម្តាយគិតខ្លីបែបនេះសោះ ៕ យឹម សុថាន


ចែករំលែក៖