ខេត្តកំពង់ចាម ៖ ពិតណាស់ ការធ្វេសប្រហែលងាយប្រឈមធ្វើឲ្យជីវិតបាត់បង់ក្នុងមួយពព្រិចភ្នែក!! កុមារាអាយុ៨ខែម្នាក់ បានធ្លាក់ពីលើអង្រឹងចំជណ្តើរថ្មលង់ទឹកស្លាប់ នៅពេលម្តាយទុកកូនចោលមួយភ្លែត ហើយចេញទៅទិញម្ហូប ។
ហេតុការណ៍នេះកើតឡើងនៅចំណុចមុខផ្ទះរបស់ឈ្មោះ យុន ស្រីមុំ ស្ថិតក្នុងភូមិទី៦ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីម៉ោងអំឡុង៣រសសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ។
សមត្ថកិច្ចដែលចុះធ្វើកំណត់ហេតុឲ្យដឹងថា កុមារារងគ្រោះឈ្មោះ អួង រ៉ាឆាត ភេទប្រុស អាយុ៨ខែ ជនជាតិខ្មែរ នៅភូមិទី៦ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
សមត្ថកិច្ចអះអាងថា ផ្អែកតាមការធ្វើកោសល្យវិច្ច័យពិនិត្យសាកសពឃើញថា ផ្នែកក្បាល មានស្នាមពកហើម បណ្តាលមកពីធ្លាក់ទង្គិចនិងជណ្តើរថ្ម ,ផ្នែកក ពុំមានស្លាកស្នាមអ្វីទេ ផ្នែកដងខ្លួន ពុំមានស្លាកស្នាមអ្វីទេ ។
តាមកំណត់ហេតុសមត្ថកិច្ចអះអាងទៀតថា មូលហេតុដោយសារម្តាយទុកឱ្យកូនដេកលើអង្រឹងតែម្នាក់ឯង ហើយម្តាយចេញទៅទិញម្ហូបនៅមុខផ្ទះចំងាយប្រហែល២០០ម៉ែត្រពីផ្ទះ នៅពេលកូនក្រោកពីដេកវាររកម្តាយហើយធ្លាក់ពីលើផ្ទះតាមជណ្តើរលង់ទឹកស្លាប់តែម្តង។
ផ្អែកតាមការធ្វើកោសល្យវិច្ច័យ និងតាមការបំភ្លឺរបស់គ្រួសារសព និងសាក្សី សមត្ថកិច្ចសន្និដ្ឋានថា កុមារាឈ្មោះ អួង រ៉ាឆាត ស្លាប់ដោយលង់ទឹកដោយខ្លួនឯង ពិតប្រាកដមែន ពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។
ក្រោយពិនិត្យតាមជំនាញចប់ សមត្ថកិច្ចបានបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ វណ្ណៈ