ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយ២ឆ្នាំទើបដឹងថា ខ្លួននិយាយខុស ប្រធានាធិបតីហ្វុីលីពីនផ្ញើលិខិតសុំទោស លោក អូបាម៉ា

ចែករំលែក៖

ប្រធានាធិបតីហ្វុីលីពីនលោក រ៉ូឌ្រីហ្គោ ឌុយទែរតេ បានផ្ញើលិខិតសុំទោសអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ក្រោយរយៈពេល២ឆ្នាំដែលបានជេរប្រមាថ ដោយលោក ឌុយទែរតេ បានបញ្ជាក់ថា មានពាក្យពេចន៍មិនសមហេតុផលទៅលើលោក អូបាម៉ា។

កាលពីថ្ងៃទី៣ ខែកញ្ញា លោក ឌុយទែរតេ មានប្រសាសន៍ទៅកាន់ក្រុមពលករហ្វុីលីពីននៅតំបន់ហ្ស៊េរុយសាឡឹមថា លោកបានផ្ញើលិខិតជាផ្លូវការទៅសុំទោសលោក អូបាម៉ា ដោយសារតែបានប្រើសម្តីមិនគប្បីទៅលើអតីតប្រធានាធិបតីរូបនេះ កាលពី២ឆ្នាំមុន

នៅពេលនោះលោក អូបាម៉ា បានថ្កោលទោសប្រធានាធិបតី ឌុយទែរតេ ពីសង្គ្រាមប្រឆាំងភេរវកម្មបង្ហូរឈាម។ ឆ្លើយតបទៅនឹងការរិះគន់ទាំងនោះ លោក ឌុយទែរតេ បានប្រើប្រាស់ពាក្យសម្តីមិនសមហេតុផលទៅលើលោក អូបាម៉ា។

លោក ឌុយទែរតេ បានបញ្ជាក់ថា «នេះជាពេលវេលាសមស្រប ដើម្បីនិយាយជាមួយលោក អូបាម៉ា ខ្ញុំសុំទោសដោយសារតែបាននិយាយនូវពាក្យមិនគួរគប្បីទាំងនោះ»។

លោកបន្តទៀតថា លោកនឹងលើកលែងទោសឲ្យលោក អូបាម៉ា ពីការវិភាគខុសឆ្គងទៅលើសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក។

មេដឹកនាំហ្វុីលីពីន បញ្ជាក់ថា លោក អូបាម៉ា គឺជាមនុស្សសោះកក្រោះ ហើយតែងតែរក្សាគម្លាត បើទោះបីអាមេរិក និងហ្វុីលីពីនធ្លាប់ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតក្តី។

ជាមួយគ្នានេះ លោក ឌុយទែរតេ បានចាត់ទុកប្រធានាធិបតី ដូណាល់ ត្រាំ ជាមិត្តដ៏ល្អបំផុត ហើយក៏ជាបុគ្គលដែលមានទស្សនៈដូចគ្នា។ លោកបញ្ជាក់ទៀតថា ទំនាក់ទំនងរវាងអាមេរិកនឹងហ្វុីលីពីន នឹងមានភាពរីកចម្រើនល្អប្រសើរឡើងវិញ ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ។

សូមបញ្ជាក់ផងដែរថា លោក អូបាម៉ា មិនមែនជាមនុស្សតែមួយគត់ដែលរងការថ្កោលទោសពីប្រធានាធិបតីហ្វុីលីពីននោះឡើយ។ ចាប់តាំងពីលោក ឌុយទែរតេ ឡើងកាន់អំណាចនៅខែឧសភា ឆ្នាំ២០១៦ លោកក៏បានរិះគន់ដល់សម្តេចប៉ាបហ្វ្រង់សុីស និងអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ប៉ាន គីមូន ផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖