ព័ត៌មានទាន់ហេតុការណ៍៖

ឆេះតូបមុខផ្ទះទំហំ៦ម៉ែត្រគុណនឹង៨ម៉ែត្រម៉ត់ ដោយសារម្ចាស់ផ្ទះផ្ទេរសាំងចូលដបជិតកង្ហារ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ តូបសង់នៅខាងមុខផ្ទះរបស់ពលរដ្ឋ១ខ្នងធ្វើពីឈើប្រក់ស័ង្កសីទំហំ៦ម៉ែត្រគុណនឹង៨ម៉ែត្រ នៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញទាំងស្រុង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃអង្គារ ៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ប្រភពព័ត៌មានពីអ្នកភូមិបានឲ្យដឹងថា អគ្គិភ័យនេះ កើតឡើងដោយសារកូនម្ចាស់ផ្ទះចាក់សាំងចូលដបធ្វើឲ្យកំពប់ទៅប៉ះកង្ហារ បណ្តាលឲ្យឆ្លងភ្លើងឆាបឆេះតែម្តង។ ក្រោយពេលកើតហេតុ ក៏មានរថយន្តពន្លត់អគ្គិភ័យរបស់នគរបាលស្រុក១គ្រឿងទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ ប៉ុន្តែពន្លត់មិនឈ្នះព្រោះអំណាចភ្លើងឆេះជាមួយនឹងសាំង រួមទាំងរបរជាច្រើន ហើយទោះជាយ៉ាងណាក៏ដោយ ក្រុមពន្លត់អគ្គិភ័យបានត្រឹមជួយពន្លត់មិនឲ្យភ្លើងរាលដាលឆេះទៅដល់ផ្ទះធំតែប៉ុណ្ណោះ។

បើតាមមន្ត្រីមូលដ្ឋានអះអាងថា ក្រៅពីខូចខាតទ្រព្យសម្បត្តិ មិនមានមនុស្សរងគ្រោះថ្នាក់ទេ។

ម្ចាស់ផ្ទះរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ជា ផា អាយុ៣៩ឆ្នាំ និងមានប្រពន្ធឈ្មោះ សៀង វាសនា អាយុ៣៩ឆ្នាំ មានកូន៣នាក់ និងមានស្ត្រីចំណាស់ជាម្តាយ និងជាជីដូនម្នាក់ទៀត ដែលកំពុងរស់នៅក្នុងបន្ទុកជាមួយគ្នាដែរ៕ ឆ្លាម សមុទ្រ


ចែករំលែក៖