ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងសមត្ថកិច្ចស្រុកបាទី បានឃាត់ខ្លួនសង្ស័យពីរនាក់ ដែលធ្វើសកម្មភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេច កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃពុធ ១០រោជ ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិសេរីសម្បត្តិ ឃុំពន់សរ ស្រុកបាទី ខេត្តតាកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ធាង ឡោ ភេទស្រី អាយុ៥០ឆ្នាំ ។ ចំណែកជនសង្ស័យទាំងពីរនាក់ទី១ ឈ្មោះ ជួន វិច្ច័យ អាយុ ២៣ ឆ្នាំ ស្នាក់នៅតាខ្មៅ មានស្រុកកំណើតខេត្តកំពង់ចាម ទី២ ឈ្មោះ វុធ រស្មី អាយុ១៨ឆ្នាំ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ ។
សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាមកឈប់ធ្វើសកម្មភាពកាច់កម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ដែលម្ចាស់ចតទុកនៅមុខផ្ទះបានសម្រេចហើយព្យាយាមជិះគេច តាមបណ្តោយផ្លូវជាតិលេខ២ ឆ្ពោះឡើងមកភ្នំពេញ តែត្រូវបានកម្លាំងសមត្ថកិច្ចស្រុកបាទីសហការជាមួយសមត្ថកិច្ចខណ្ឌដង្កោ ធ្វើការដេញចាប់រហូតមកដល់ចំណុចភូមិព្រែកតាតាំង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជនសង្ស័យបានផ្តួលម៉ូតូរួចរត់តាមវាលស្រែក៏កម្លាំងឡោមព័ទ្ធចាប់បានភ្លាមៗយកមកកាន់ទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពិសដើម្បីសាកសួរ ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោធ្វើឯកសារប្រគល់ឲ្យកម្លាំងនគរបាលស្រុកបាទីដើម្បីបន្តនីតិវិធី ៕ ភារ៉ា ដង្កោ