ភ្នំពេញ ៖ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងទូតប្រចាំប្រទេសកម្ពុជាចំនួន ២២បានចូលរួមអបអរសាទរនិងសម្តែងការគាំទ្រចំពោះដំណើរការបើកសម័យប្រជុំដំបូងរបស់រដ្ឋសភានីតិកាលទី៦នេះ បើទោះបីជាក្រុមតំណាងប្រទេសមួយចំនួនមិនបានបង្ហាញវត្តមាននៅថ្ងៃបើកសម័យប្រជុំដំបូងរបស់រដ្ឋសភានេះក្ដី ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យអគ្គលេខាធិការដ្ឋានរដ្ឋសភាបានឱ្យដឹងថា បណ្តាអង្គទូតដែលបានចូលរួមបើកសម័យប្រជុំលើកដំបូងនីតិកាលទី៦របស់រដ្ឋសភាកាលពីព្រឹកថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៨មានប្រទេសជប៉ុន ចិន កូរ៉េខាងត្បូង វៀតណាម ថៃ ម៉ាឡេស៊ី កាហ្សាក់ស្ថាន និងបណ្តាប្រទេសក្នុងតំបន់អាស៊ីមួយចំនួនទៀត ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពិធីបើកសម័យប្រជុំលើកដំបូងនៃនីតិកាលទី៦របស់រដ្ឋសភាក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក ឡេង ប៉េងឡុង បានសម្តែងការសោកស្តាយ ចំពោះការអវត្តមានពីបណ្តាតំណាងទូត ប្រចាំប្រទេសកម្ពុជាផ្សេងទៀត ខណៈ លិខិតអញ្ជើញឱ្យចូលរួមត្រូវបានដាក់ទៅតាមបណ្តាស្ថានទូតដែលមាននិវេសនដ្ឋានប្រចាំប្រទេសកម្ពុជារហូតដល់៣១ប្រទេស។
លោក ឡេង ប៉េងឡុង បានបន្តថា តំណាងទូតប្រចាំប្រទេសកម្ពុជាដែលមិនបានចូលរួមតាមការអញ្ជើញរបស់រដ្ឋសភា មានចំនួន៩ប្រទេសដូចជា សហភាពអឺរ៉ុប អាមេរិក អូស្ត្រាលី ស៊ុយអែត ប៊ុលការី កាណាដា បារាំង អាល្លឺម៉ង់ និងអង់គ្លេស។ លោកបានបន្ថែមថា រដ្ឋសភាក៏បានអញ្ជើញ បណ្តាអង្គការអន្តរជាតិចំនួន១១ដើម្បីចូលរួមជាសក្ខីភាពក្នុងសម័យប្រជុំនីតិកាល ដំបូងរបស់រដ្ឋសភានីតិកាលទី៦នេះផងដែរ ប៉ុន្តែមានតែក្រុមអង្គការរបស់អង្គការសហប្រជាជាតិចំនួន៥ប៉ុណ្ណោះដែលបានឆ្លើយតបតាមការអញ្ជើញ ។
លោក ឡេង ប៉េងឡុង បានបន្តទៀតថា បណ្តាអង្គទូត និងអង្គការអន្តរជាតិមិនបានតបតាមការអញ្ជើញនេះមិនបានបញ្ជាក់ពីមូលហេតុមកកាន់រដ្ឋសភាវិញនោះទេ។ យ៉ាងណាក៏ដោយសារព័ត៌មានក្នុងស្រុកបានដកស្រង់ផ្សាយសម្តីរបស់មន្ត្រីស្ថាន ទូតអាមេរិក និងអឺរ៉ុបថា ការខកខានមិន បានចូលរួមប្រជុំដំបូងរដ្ឋសភានេះដោយសារជាប់បំពេញបេសកកម្មនៅប្រទេសដើមរបស់ខ្លួន ។
សូមបញ្ជាក់ថា ក្រោយព្រះរាជពិធីបើកសម័យប្រជុំលើកដំបូង នៃនីតិកាលទី៦នេះ អង្គរដ្ឋសភា តំណាងដោយព្រឹទ្ធសមាជិក រដ្ឋសភាអាយុចាស់ជាងគេមួយរូបគឺសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បាន ប្រកាសសុពលភាពតំណាងរាស្ត្រមកពី គណបក្សប្រជាជនកម្ពុជាទាំង១២៥ដើម្បី ស្បថចូលកាន់តំណែងនៅព្រះមរមរាជវាំងនៅល្ងាចថ្ងៃដដែលមុននឹងឈានទៅចាប់ផ្តើមអនុវត្តការងាររបស់ខ្លួនស្របតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតសម្រាប់នីតិកាលពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ។
ក្រោយពីស្បថចូលកាន់តំណែងរួចរដ្ឋ សភានឹងបន្តប្រជុំនៅថ្ងៃបន្ទាប់គឺព្រឹកថ្ងៃទី ៦ ខែកញ្ញានេះដើម្បីបោះឆ្នោតជ្រើសតាំងប្រធាននិងអនុប្រធានរដ្ឋសភាប្រធាននិងអនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្ដល់សេចក្ដីទុកចិត្តចំពោះរាជរដ្ឋាភិបាល ៕ ហេង សូរិយា