ព័ត៌មានទាន់ហេតុការណ៍៖

សាកសពបុរសម្នាក់ត្រូវជនមិនស្គាល់មុខចងស្លាបសេកនឹងខ្សែនីឡុងទម្លាក់ទឹកត្រូវបានប្រជាពលរដ្ឋប្រទះឃើញ

ចែករំលែក៖

ខេត្តកណ្ដាលៈ ឃាតកម្មដ៏សាហាវមួយទៅលើបុរសម្នាក់ ត្រូវឃាតកសម្លាប់ដោយចងស្លាបសេកខ្សែនីឡុងផ្អឹបជាមួយដុំថ្ម រួចទម្លាក់ចូលទៅក្នុងទឹក បណ្ដាលឲ្យសាកសពអណ្ដែតត្រូវប្រជាពលរដ្ឋប្រទះឃើញ កាលពីវេលាម៉ោង២១និង២១នាទី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងទឹកបឹងទួលតាមុិច ខាងលិចភូមិព្រែកលោក ចំងាយ៥០០០ម៉ែត្រ ជាប់ព្រុំប្រទល់ដី ខេត្តតាកែវ ស្ថិតនៅក្នុងភូមិ ព្រែកលោក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះស្លាប់ពុំទាន់ស្គាល់អត្តសញ្ញាណនោះទេ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ សម្បុរស កំពស់ ១,៨០ម ស្លៀកខោខូវប៊យជើងវែង ពណ៌ទឹកប៊ិច ខ្សែក្រវ៉ាត់ពណ៌សូកូឡា ក្បាលខ្សែក្រវ៉ាត់ មានអក្សរ G A ពាក់អាវក្រណាត់ផ្កាដៃវែង ពណ៌ក្រម៉ៅ សក់ខ្លីអង្គោះ មានរោមទ្រូង រោមខ្នង និងរោមពុកចង្កា ធ្មេញល្អិត ធ្មេញខាងលើផ្នែកខាងឆ្វេងមានដាំត្បូង ពណ៌ស នៅកដៃខាងឆ្វេងមានពាក់សាលូ ក្រណាត់យឺតពណ៌ខ្មៅ មានអក្សរម៉ាក ddidas ។

ប្រភពដដែលបន្តថា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ប្រជាពលរដ្ឋនៅក្នុងភូមិព្រែកលោកបានទៅដាក់មងនៅក្នុងបឹង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះខាងលើអណ្ដែតទឹកដោយចងស្លាបសេកនឹងខ្សែនីឡុង ផ្អោបជាមួយដុំថ្ម ឃើញដូច្នោះ ក៏រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកស្ដី ដើម្បីធ្វើការពិនិត្យ ។

ក្រោយពីនគរបាលប៉ុស្តិ៍ទទួលព័ត៌មានភ្លាម ក៏រាយការណ៍បន្តទៅមន្រ្តីជំនាញផ្នែកកោសល្យវិច័យស្រុក ដោយមានការសហការជាមួយមន្ត្រីការិយាល័យជំនាញខេត្ត គ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន រួចពិនិត្យឃើញថា៖ ជនរងគ្រោះមានសភាពហើម របកស្បែកពិបាកក្នុងការពិនិត្យ សាកសពត្រូវបានរុំខ្សែនីឡុងពណ៌សចំនួន៨ ជុំប្រវែង១២,៥០ម៉ែត្រ ទំហំ១៦មីលីម៉ែត្រ បត់ខ្លួនមកមុខ ជង្គង់ទាំងពីរ ទល់នឹងចង្កា ដៃចងកដៃទាំងពីរ មកក្រោយ ដោយខ្សែនីឡុង ពណ៌ស ទំហំ២០មីលីម៉ែត្រ ប្រវែង១២០សង្ទីម៉ែត្រ នឹងខ្លួនមានចងសណ្តូនដុំថ្មបេតុង (ជើងឆត្រ) រាងបួនជ្រុង មានអក្សរ KHB នឹងមានដងដែកបំពង់ទីប ថ្លឹងសរុប ទម្ងន់ ៣៦គីឡូក្រាម ។ ផ្នែកក្បាលជនរងគ្រោះមានពាក់ស្រោមមុខក្រណាត់យឺតពណ៌ខ្មៅ នឹងមានក្រម៉ាពោះគោ ពណ៌ក្រហមគ្របមុខ នៅលើថ្ងាសខាងស្តាំ មានស្នាមរបួសទំហំ ០១សង្ទីម៉ែត្រ ជម្រៅដល់លលាដ៍ក្បាល កទន់បង្វិលបាន ផ្នែកមាត់ធ្មេញខាំអណ្តាត ។ ផ្នែកដងខ្លួននឹង អវៈយុវៈ ពុំមានស្លាកស្នាម អ្វីគួរឲ្យកត់សម្គាល់ឡើយ ។

ឆ្លងតាមការពិនិត្យលើសាសព របស់ការិយាល័យជំនាញនឹង លោកគ្រូពេទ្យ គណៈកម្មការចំរុះ សន្និដ្ឋានថាៈ ករណីនេះ ជាករណីឃាតកម្ម ។ ក្រោយពី ពិនិត្យចប់សព្វគ្រប់ យោងតាមរដូវទឹកដំឡើង ហើយនៅភូមិសាស្រ្តស្រុកកោះធំ ពុំមានទីទួលសុវត្ថិភាពដើម្បីបញ្ចុះសាកសព កំលាំង យើងនឹង អាជ្ញាមូលដ្ឋានបានសំរេចដឹកសាកសពយកទៅបញ្ចុះរក្សាទុកនៅ ទួលតានូយ ស្ថិតនៅក្នុងភូមិបានកាម ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ដើម្បីរង់ចាំក្រុមគ្រួសារសព ។

ចំពោះករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវដើម្បីរកមុខឃាតកចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖