ខេត្តព្រះវិហារ ៖ បុរសម្នាក់ដែលអ្នកភូមិតែងនិយាយថា ធ្លាប់ប្រើហិង្សាដោយយកគ្រាប់ចាស់ៗកែច្នៃ និងគប់គំរាមប្រពន្ធរត់ពេញផ្ទះ ប៉ុន្តែនៅថ្ងៃកើតហេតុបុរសរូបនេះបានយកគ្រាប់បេសែសិបមកដំកែច្នៃទាំងអាការស្រវឹង បណ្តាលឲ្យខុសបច្ចេកសទេសផ្ទុះរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានសាច់ញាតិដឹកបញ្ជូនទៅមន្ទីរពេទ្យ ។
ហេតុការណ៍ផ្ទុះនេះកើតឡើងកាលពីវេលាម៉ោងប្រមាណជាង១ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចក្រោមផ្ទះបុរសរងគ្រោះ ស្ថិតក្នុងភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រវិហារ។
សមត្ថកិច្ចឲ្យដឹងថា បុរសរងគ្រោះបានយកក្បាលគ្រាប់ដែលរើសបានកន្លងមកមកដំកែច្នៃនៅក្រោមផ្ទះរបស់ខ្លួនទាំងអាការៈស្រវឹង មិនតែប៉ុណ្ណោះបានហៅប្រពន្ធឲ្យមកអង្គុយមើលទៀតផង ។ ប៉ុន្តែប្រពន្ធឃើញហេតុការណ៍មិនស្រួល ក៍ចុះពីលើផ្ទះរត់ទៅរកប្រជាពលរដ្ឋជិតខាងមកជួយហាមឃាត់ដែរ ឃាត់មិនទាន់បុរសរងគ្រោះបានធ្វើឲ្យគ្រាប់នោះផ្ទុះឡើង បណ្តាលឲ្យរងរបួសសុះពាសពេញខ្លួន ហើយត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីពេទ្យបង្អែក ក្នុងស្រុកជាំក្សាន្ត។
សមត្ថកិច្ចថា បុរសរងគ្រោះមានឈ្មោះ លេង បូណា ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិទឹកក្រហម ឃុំទឹកក្រហម ខេត្តព្រះវិហារ។
អ្នកស្រុកនិយាយថា កន្លងមកបុរសរងគ្រោះនិងប្រពន្ធតែឈ្លោះប្រកែកគ្នា ស្របពេលប្តីចូលចិត្តយកគ្រាប់មក គប់ប្រឡែងលេងគំរាមប្រពន្ធជាញឹកញាប់ ពិសេសតែងប្រើហិង្សាឲ្យខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះអស់មួយចំនួន រហូតដល់កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចបានដកហូតគ្រាប់ចាស់ចំនួន៣គ្រាប់ និងចាប់ខ្លួនបញ្ជូនទៅធ្វើកិច្ចសន្យា នៅអធិការរដ្ឋាននគរបាល រួចម្តងហើយតាមបណ្តឹងរបស់ប្រពន្ធ។
តាមដំណឹងពីគ្រូពេទ្យអះអាងថា ដោយសារអាការរបួសធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យនៅមន្ទីពេទ្យបង្អែកស្រុកជាំក្សាន្ត បានចាត់បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ដើម្បីជួយសង្គ្រោះបន្ត៕ វណ្ណៈ