ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំជាប្រវត្តិសាស្រ្តនៃរដ្ឋសភាជាតិនៅព្រឹកថ្ងៃព្រហស្បតិ៍១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភាជាតិនៃកម្ពុជាដែលមានសមាជិក១២៥រូប បានបោះឆ្នោតគាំទ្រផ្តល់សេចក្តីទុកចិត្តជា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី ៦ ដែលមានរយៈពេល៥ឆ្នាំ (២០១៨-២០២៣)។
សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយនិងអរគុណចំពោះការគាំទ្រ និងទំនុកចិត្តរបស់សមាជិកសមាជិការនៃរដ្ឋសភាជាតិតទាំងមូល។ សម្តេចប្រមុខដឹកនាំប្តេជ្ញាបន្តថែរក្សាការពារសន្តិភាព កសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយកាន់តែរីកចម្រើនទៅមុខ ដើម្បីពលរដ្ឋកាន់តែមានជីវភាពរស់នៅធូរធារល្អប្រសើរ។
នៅរសៀលថ្ងៃដដែលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ជើញដឹកនាំសមាជិករាជរដ្ឋាភិបាលទាំងអស់ទៅកាន់ព្រះបរមរាជវាំងដើម្បីធ្វើសច្ចាប្រណិធានចូលកាន់តំណែងនៅមុខព្រះភ័ក្រ្តព្រះមហាក្សត្រ។ នៅថ្ងៃស្អែកទី ៧ កញ្ញា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីសម្រាប់អាណត្តិទី៦ ជាផ្លូវការលើកដំបូងនៅវិមានសន្តិភាព៕