ភ្នំពេញ៖ តារាម៉ូដែលកូនកាត់ខ្មែរបារាំង Marianne Claisហៅម៉ាយ៉ា គ្រោងចេញទៅបង្ហាញមុខក្នុងព្រឹត្តិការណ៍បង្ហាញម៉ូតអន្តរជាតិនាសហរដ្ឋអាមេរិក ដែលប្រព្រឹត្តិទៅនៅអំឡុងខែតុលា ឆ្នាំ២០១៨ ។ អ្នកជំនាញផ្នែកច្នៃម៉ូដកំពុងខិតខំរចនាម្កុដ ដ៏ស្រស់ស្អាតទាក់ទាញបំផុតសម្រាប់នាងគ្រងក្នុងព្រឹត្តិការណ៍ដ៏សម្បើមនេះ។
កញ្ញា Marianne Clais ហៅ សោម៉ា គ្រោងចេញទៅបង្ហាញមុខក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដ អន្តរជាតិ ជាលើកដំបូង ក្នុងជីវិតរបស់នាង តាមការរៀបំរបស់ អ្នកច្នៃម៉ូដ និងអ្នកផលិតកម្មវិធីល្បីឈ្មោះ លោក Remy Hou ។
តាមការការបញ្ជាក់របស់លោក Remy Hou បានលើកឡើងថា ក្រោយពីបានឱកាសភ្លាម លោកបានពិភាក្សាជាមួយអ្នកជំនាញផ្នែកគូរម៉ូដ និងអ្នកច្នៃគ្រឿងអលង្ការជំនាញខ្មែរពីររូប គឺលោក អ៊ី សុខជា និងលោក លី តារា ដើម្បីរចនាគ្រឿងលម្អខ្លួន ពិសេសម្កុដដែលនឹងឲ្យតារាបង្ហាញម៉ូដខាងលើគ្រង់ និងដើម្បីឲ្យប្រាកដថា ទាំងម៉ូដសម្លៀកបំពាក់ និងគ្រឿងលម្អខ្លួនរបស់ នារីខ្មែរលើទឹកដីសហរដ្ឋអាមេរិកលើកដំបូងនេះ នឹងក្លាយជាទីចាប់អារម្មណ៍នៅលើឆាកអន្តរជាតិ។
លោកបន្តថា ម្កុដនេះធ្វើពីស្មាច់ និងស្ពាន់ជ្រលក់ដោយទឹកពណ៌មាស ហើយគម្រូបានចេញជារូបរាងហើយ គឺនៅតែពេលចាក់ពុម្ពតុបតែងឲ្យកាន់តែស្រស់ស្អាត ក្នុងរចនាប័ទ្មខ្មែរ ពោលគឺអាចនឹងរួចរាល់ក្នុងអំឡុងចុងខែកញ្ញានេះ។ លោកថា ទាំងស្បែកជើង សម្លៀកបំពាក់ និងគ្រឿងអលង្ការ កំពុងតែលេចរូបរាងមកបណ្តើរៗហើយ ដើម្បីចូលរួមកម្មវិធីលំដាប់អន្តរជាតិ ដែលមានអ្នកបង្ហាញម៉ូដ និងអ្នកច្នៃម៉ូដមកពី៥ប្រទេស ចូលរួម មានប្រទេសឥណ្ឌា ឌូបៃ ប៉ាគីស្ថាន សហរដ្ឋអាមេរិក និងកម្ពុជា។
តាមការគ្រោងទុក លោក Remy Hou នឹងដឹកនាំក្រុមការងារ និងនាំតារាបង្ហាញម៉ូដជនជាតិខ្មែរមួយរូបគឺកញ្ញា Marianne Clais ហៅ ម៉ាយ៉ា វ័យ១៥ឆ្នាំចេញទៅចូលរួមព្រឹត្តិការណ៍បង្ហាញម៉ូតអន្តរជាតិដ៏ធំមួយនៅសហរដ្ឋអាមេរិក។ ពួកគេនឹងចេញដំណើរទៅកាន់ទឹកដីនៃសហរដ្ឋអាមេរិកនៅថ្ងៃទី១២ ខែតុលា ខាងមុខនេះ។
គួរបញ្ជាក់ដែរថា លោក Remy Hou គឺជាអ្នកច្នៃម៉ូដល្បីឈ្មោះម្នាក់ ដែលលោកចាប់ផ្តើមការងារច្នៃម៉ូដផ្នែកសម្លៀកបំពាក់ ចាប់តាំងពីឆ្នាំ២០០៨ និងម៉ូដស្បែកជើងចាប់តាំងពីឆ្នាំ២០១០ ។
លោកក៏ធ្លាប់បានរចនាស្បែកជើងឲ្យតារាចម្រៀងអន្តរជាតិដ៏ល្បីឈ្មោះមួយរូបផងដែរ ដែលកន្លងមក លោកក៏ធ្លាប់ធ្វើការស្រាវជ្រាវ និងសិក្សាឈ្វេងយល់អំពីការរចនាស្បែកជើង និងសម្លៀកបំពាក់នៅកម្ពុជាអស់ជាយូរផងដែរ ។ ខណៈដែលតារាម៉ូដែល កូនកាត់ខ្មែរបារាំង Marianne Clais ហៅម៉ាយ៉ាធ្លាប់បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍កាន់តែខ្លាំងក្រោយពីនាងបានបង្ហាញមុខក្នុងឈុតសម្លៀកបំពាក់បុរាណរហូតដល់ថ្នាក់គេហទំព័រកម្មវិធីប្រកួតសម្រស់កញ្ញាឯកល្បីមួយសរសើរនិងស្នើឲ្យនាងចូលរួមប្រកួតប្រជែងផ្នែកសម្រស់ផងដែរ ។ គេហទំព័រ ASEAN Beauty Pageant សសើរ និងប្រៀបធៀបសម្រស់ដូចរាជនីហើយគេហទំព័រនេះរំពឹងថា នាងអាចនឹងចូលរួមប្រកួតកម្មវិធីបវកញ្ញាកម្ពុជានៅឆ្នាំ២០២០ខាងមុខនេះផងដែរ ៕ វឌ្ឍនា