ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុមហ៊ុនស្រាបៀរGANZBERGបុករះកង់បីឥណ្ឌា និងរ៉ឺម៉កលក់សាច់អាំងព្រមទាំងម៉ូតូមួយគ្រឿងទៀតរងខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តនីសាន់ របស់ក្រុមហ៊ុនស្រាបៀរ GANZBERG បានបុករះរម៉កលក់សាច់អាំង និងកង់បីឥណ្ឌា ព្រមទាំងម៉ូតូFZ កំពុងឈប់លើចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាត តែមិនបង្កឲ្យអ្នកណាម្នាក់រងរបួស ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ចំណុចមុខក្លឹបឌីយ៉ាម៉ង់ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តមួយគ្រឿងម៉ាកនីសាន់ របស់ក្រុមហ៊ុនស្រាបៀរ GANZBERG ពាក់ស្លាកលេខ ភ្នំពេញ 2Y1135 បើកពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងស្ដាំ ជ្រុលទៅបុករ៉ឺម៉កលក់សាច់អាំង និងកង់បីឥណ្ឌាព្រមទាំងម៉ូតូ FZមួយគ្រឿងទៀតកំពុងឈប់ចតលើចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូច តែសំណាងល្អ អ្នកលក់សាច់អាំង និងកង់បីឥណ្ឌាបានលោតចេញទាន់រងរបួសស្រាល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ បានឲ្យភាគីទំាងបីនាក់ សម្របសម្រួលគ្នា តែចរចាមិនត្រូវ សមត្ថកិច្ចវាស់វែងយករថយន្តបង្កព្រមទាំងរ៉ឺម៉កកង់បី និងកង់បីឥណ្ឌា និងម៉ូតូមួយគ្រឿងទៀត ទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលខណ្ឌដង្កោរង់ចាំដោះស្រាយនៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖