ភ្នំពេញ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ជា បានបង្ហាញក្តីសោកសៅ និងសោកស្តាយចំពោះការបាត់បង់លោកវេជ្ជបណ្ឌិត Beat Richner ដែលបានទទួលមរណៈភាពដោយសារជំងឺក្នុងវ័យ៧១ឆ្នាំ នៅក្នុងទីក្រុង Zurichនៃប្រទេសស្វីស នៅម៉ោង២និង៤៥នាទីថ្ងៃទី៩ខែកញ្ញានេះ។
លោកវេជ្ជបណ្ឌិត Beat Richner មានឈ្មោះល្បីមួយទៀត គឺ Beattocello ដែលជាឈ្មោះសម្រាប់ហៅពេលដែលលោកប្រគំឧបករណ៍ Cello រៃអង្គាសថវិកាដើម្បីឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ជាដែលបានជួយកុមារកម្ពុជារាប់លានមកហើយ។
ក្រោយពីបញ្ចប់ការសិក្សាជំនាញពេទ្យកុមារក្នុងឆ្នាំ១៩៧៣ លោក Beat Richner ត្រូវបានកាកបាទក្រហមនៃប្រទេសស្វិស បញ្ជូនមកបំពេញបេសកកម្មសប្បុរសធម៌នៅក្នុងប្រទេសកម្ពុជានៅឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៧៥ ដែលជាឆ្នាំដែលខ្មែរក្រហមបានឡើងកាន់អំណាច ហើយលោកត្រូវបានបង្ខំឲ្យចាកចេញពីកម្ពុជា។
ឆ្នាំ១៩៩១ លោកBeat Richner ត្រូវបានស្នើមកជួយដឹកនាំមន្ទីរគន្ធបុប្ជារហូតដល់លោកអាចពង្រីកមន្ទីរពេទ្យបានដល់៥កន្លែងក្នុងរាជធានីភ្នំពេញ និងនៅក្នុងខេត្តសៀមរាក្នុងពេលបច្ចុប្បន្ននេះ៕