ខេត្តតាកែវ ៖ បុរសម្នាក់បានបាក់កស្លាប់ គួរឲ្យអាណោចអាធ័ម បន្ទាប់ពីម៉ូតូឌ្រីមសង់ក្នុងល្បឿន វ៉ាជែង ខ្វះការប្រុងប្រយ័ត្ន ចូលផ្លូវម្ខាងទៀត ជ្រុលទៅបុករថយន្តកាមរីបាឡែន ពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង០៣នឹង២០នាទីរសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅលើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិក្រាំងលាវ ឃុំរវៀង ស្រុកបាទី ខេត្តតាកែវ ។
ជនរងគ្រោះ(សព)ឈ្មោះ ធឿន កុសល ភេទប្រុស អាយុ២៥ឆ្នាំ មុខកម្មកររោងចក្រ រស់នៅម្ដុំទន្លេបាទី ខេត្តតាកែវ មានប្រពន្ធនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AS-9837។
បើតាមសម្ដីមិត្តភ័ក្តដែលធ្វើដំណើរទៅជាមួយគ្នាតែជិះម៉ូតូផ្សេងគ្នា បានរៀបរាប់ប្រាប់អោយ ដឹងថា នៅមុនពេលកើតហេតុ រូបគេនិងជនរងគ្រោះ បើកបរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ធ្វើដំណើរត្រលប់មកពីជូនមិត្តភ័ក្តទៅយកខោរអាវ បំណងទៅធ្វើការវិញ ខណៈពេលមកដល់កន្លែងកើត ជនរងគ្រោះបានវ៉ាជែងចូលផ្លូវម្ខាងទៀត ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកកាម៉ារីបាឡែន ពណ៍ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2S-3779 ដែលកំពុងបើកទិសដៅបញ្ច្រាសទិសចរាចរណ៍គ្នាពីជើងទៅត្បូង ក៏បុកចំពេញទំហឹងតែម្ដង បណ្តាលឲ្យជនរងគ្រោះហោះផ្លោងបោកផ្ទប់និងកញ្ចប់រថយន្តរួចធ្លាក់បោកនឹងថ្នល់ បាក់កស្លាប់ គួរឲ្យអាណោចអាធ័ម នៅកន្លែងកើតហេតុតែម្ដង ។
ក្រោយពេលកើតហេតុសម្ថកិច្ចមូលដ្ឋានបានចុះមកជួយសម្រួលចរាចរណ៍ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញស្រុកបាទី ចុះមកធ្វើការវាស់វែងនឹងស្ទូចយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីរងចាំដោះស្រាយទៅតាមច្បាប់។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចទាក់ទងក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ