ព័ត៌មានទាន់ហេតុការណ៍៖

លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់៖ ផ្ដល់បទពិសោធន៍ផ្នែកធុរកិច្ច លើកទឹកចិត្ដ ដល់និស្សិតខ្មែរជាង៩០នាក់ដែលកំពុងសិក្សានៅ សាកលវិទ្យាល័យហ្វាតូនី ប្រទេសថៃ

ចែករំលែក៖

ប្រទេសថៃ៖ បន្ទាប់ពីទទួលសញ្ញាបត្របណ្ឌិតកិត្តិយស លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស តំណាងរាជរដ្ឋាភិបាលកម្ពុជា និង លោកស្រី ជាមួយ នឹងគណៈប្រតិភូកម្ពុជាអមដំណើរ ២៧រូប បានជួបសំណេះ សំណាល ផ្ដល់បទពិសោធន៍ ផ្នែកធុរកិច្ចលើកទឹកចិត្ដ ដល់និស្សិត តំណាងនិស្សិតខ្មែរដែលកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ក្រោមគម្រោងអាហា រូបករណ៍របស់សាកលវិទ្យាល័យហ្វាតូនី ដែលមាននិស្សិតសរុប ៩១រូប ក្នុងនោះ ក៏មានអ្នកដែលទទួលបរិញ្ញាបត្រក្នុងថ្ងៃនេះចំនួន២២រូបកម្ពុជា ដោយឡែកនិស្សិតថៃ និងនិស្សិត មកពីប្រទេសផ្សេងៗទៀត បានទទួលក្នុងថ្ងៃនេះសរុប ចំនួន ៩៧១រូបផងដែរ ។ ពិធីជួបសំណេះសំណាលនេះ បានប្រព្រឹត្ដទៅ កាលពីថ្ងៃអាទិត្យ១៤ រោចខែស្រាពណ៍ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ កញ្ញា ឆ្នាំ២០១៨ ។

បន្ទាប់ពីពាំនាំអនុសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើរដល់ ក្មួយៗនិស្សិតថា ៖ ខ្ញុំតែងតែមានទស្សនៈថា ខ្ញុំធ្វើបាន អ្នកធ្វើបាន យើងធ្វើបានមានន័យថា ដរាបណាយើ​ង​ ខំប្រឹងដោយមាន​ភាព​ជឿជាក់ នោះយើងទាំងអស់គ្នានឹងអាចសម្រេចបានរាល់ការងារទោះតូច ឬធំក្ដី (ធុរកិច្ច មានន័យថាការធ្វើជំនួញវិនិយោគ ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទទួលបានជោគជ័យ គឺជាបទពិសោធន៍ខ្ពស់សម្រាប់អាជីពរបស់យើង)
ដែលទាមទារឲ្យយើង​ទាំងអស់គ្នាត្រូវទទួលយកចំណេះដឹង អភិវឌ្ឍចំណេះដឹង ច្នៃប្រឌិតចំណេះដឹង រួមផ្សំជាមួយការយក​ចំណេះដឹងទៅប្រើប្រាស់ឲ្យចំគោលដៅជាមួយសុជីវធម៌ ចរិយាធម៌ នៅក្នុងសង្គម និងប្រជាជាតិទាំងមូល ។

លោក អូស្មាន ហាស្សាន់ ក៏បានថ្លែងការអបអរសាទរ ដល់និស្សិតខ្មែរទាំង ២២រូបដែលបញ្ចប់ការសិក្សាដោយជោគជ័យ ហើយទទួលបានបរិញ្ញាបត្រពីសាកលវិទ្យាល័យហ្វាតូនី
នៅថ្ងៃនេះ ក៏ដូចជាអ្នកដែលបញ្ចប់ការសិក្សានៅជំនាន់មុនៗ ដែរ សូមប្អូនៗក្មួយៗ ទាំងអស់ ត្រូវគិតប្អូនៗ ជាទំពាំងស្នងឬស្សី
ជាធនធានមនុស្សដ៏សំខាន់ និងមានឱកាសទៅប្រកួតប្រជែងការងារនៅប្រទេសយើងដើម្បីអនាគតខ្លួន និងសង្គមជាតិទាំងមូល។ ជាក់ស្តែង កម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាតីតេជោហ៊ុន សែន ក្រៅពីការយកចិត្តទុកដាក់លើវិស័យនានាក្នុងគោលដៅជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព គឺវិស័យអប់រំ ជាវិស័យអទ្ធិភាព ដែលរាជរដ្ឋាភិបាលបានកំពុងផ្តោតការយកចិត្តទុកដាក់ និងជំរុញ ដើម្បីការអភិវឌ្ឍ ធនធានមនុស្ស។

ក្នុងឱកាសនោះ ដែរលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកម្មពិសេសនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់ថវិកា ជូន និស្សិតខ្មែរទាំង ៩១នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ១០០០បាត ដើម្បីសម្រាប់ប្អូន ៗក្មួយៗ សិស្សនិស្សិត ដែលកំពុងសិក្សា នៅប្រទេសថៃនេះ យកទៅដោះស្រាយ ក្នុងជីវភាព បានមួយកំរិតផងដែរ ៕ សំរិត


ចែករំលែក៖