តាំងពីដើមមករដ្ឋាភិបាលវេណេហ្សុ៊យអេឡា បានចាត់ទុកអាមេរិកថាជាអ្នក ប៉ុន ប៉ងផ្តួលរំលំរបបដឹកនាំ ក្នុងប្រទេសនេះ ដើម្បីជួយដល់ក្រុមប្រឆាំងដែលមានភាពជិតស្និទ្ធអាមេរិក ឡើងកាន់អំណាច ។ តែការខិតខំទាំងប៉ុន្មានត្រូវបរាជ័យដោយសារតែពលរដ្ឋភាគច្រើនគាំទ្ររដ្ឋាភិបាល ។
នៅពេលនេះដែររដ្ឋាភិបាលវេណេហ្សុ៊យអេឡាបានប្រកាសថា ខ្លួននឹងរៀបចំពិធី ដើរជាក្បួនដង្ហែទ្រង់ទ្រាយធំមួយ នៅថ្ងៃ អង្គារសប្ដាហ៍នេះ ដើម្បីសម្ដែងការតវ៉ា ប្រឆាំងជំទាស់ ទៅនឹងការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ក្រុមមន្ត្រីអាមេរិកធ្លាប់ជួបប្រជុំគ្នាជាសម្ងាត់ជាមួយក្រុមមន្ត្រីយោធាវេណេហ្សុ៊យអេឡា ដើម្បីពិភាក្សាពីគម្រោងធ្វើរដ្ឋប្រហារទម្លាក់លោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីអំណាច។ នេះបើតាមការបញ្ជាក់ឲ្យ ដឹងពីលោក ឌីយ៉ូដាដូ ខាប៊ែលឡូ (Diosdado Cabello) ដែលដកស្រង់ដោយសារ ព័ត៌មាន Channel News Asia នៅព្រឹក ថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨។
លោក Diosdado Cabello ជាប្រធានសភាធម្មនុញ្ញវេណេហ្សុ៊យអេឡា ធ្វើការ គូសបញ្ជាក់បែបនេះ នៅក្នុងពិធីជួបជុំមួយរៀបចំឡើងដោយគណបក្សកាន់អំណាច របស់លោក ម៉ាឌូរ៉ូ កាលពីថ្ងៃអាទិត្យ (ម៉ោង នៅក្នុងតំបន់)។ ថ្លែងនាឱកាសនោះ លោក Cabello បានចោទប្រកាន់ថា សហ រដ្ឋអាមេរិក បានពិភាក្សាជាសម្ងាត់ចំនួនបី លើក ជាមួយក្រុមអតីតមន្ត្រីយោធាក្បត់ របស់វេណេហ្សុ៊យអេឡាមួយចំនួន ដើម្បីធ្វើរដ្ឋប្រហារប្រឆាំងលោកម៉ាឌូរ៉ូ។
លើសពីនេះទៅទៀត ប្រធានសភាធម្មនុញ្ញរូបនេះក៏បានទាញភ្ជាប់សហរដ្ឋអាមេរិក ទៅនឹងការប៉ុនប៉ងធ្វើឃាតលោក ម៉ាឌូរ៉ូ ដោយការវាយប្រហារយន្ដហោះដ្រូនបំពាក់គ្រាប់បែក កាលពីថ្ងៃទី៤ ខែសីហា ផង ដែរ។ លោក Cabello បានលើកឡើងយ៉ាង ដូច្នេះថា «ការប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតី ម៉ាឌូរ៉ូ ដែលត្រូវបានទប់ស្កាត់ទាន់ ពេលវេលា គឺដឹកនាំដោយសហរដ្ឋអាមេ រិក… ហើយតើមានអ្នកណាគួរឱ្យសង្ស័យជាងសហរដ្ឋអាមេរិកទៀតទេ?»។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្ដាហ៍ មុន សារព័ត៌មានអាមេរិក New York Times បានចុះផ្សាយថា រដ្ឋបាលប្រធានា ធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បានពិភាក្សាពីគម្រោងគាំទ្រការធ្វើរដ្ឋប្រហារ ទម្លាក់លោក ម៉ាឌូរ៉ូ ពីអំណាចតាមរយៈការផ្ដល់ជំនួយដល់ក្រុមឧទ្ទាមយោធា នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។
មួយវិញទៀត នៅក្នុងអត្ថបទរបស់ខ្លួន សារព័ត៌មានអាមេរិកមួយនេះថែមទាំងបានអះអាងទៀតថា ក្រុមឧទ្ទាមផ្ដាច់ខ្លួនវេណេហ្សុ៊យអេឡា យ៉ាងហោចណាស់ចំនួនបីធ្លាប់បានចូលរួមនៅក្នុងប្រតិបត្តិការ ប្រឆាំងនឹង រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ។ គម្រោងធ្វើរដ្ឋ ប្រហារយោធាទាំងនេះ ត្រូវបានគេរាយ ការណ៍ថា បានធ្វើឡើងកាលពីរដូវក្ដៅ ឆ្នាំ២០១៧, ខែមីនា និងខែឧសភា ឆ្នាំ ២០១៨។ ប៉ុន្តែគម្រោងទាំងនេះមិនបាន ទទួលជោគជ័យឡើយ៕ ម៉ែវ សាធី