ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថឃាត់ខ្លួនស្រីម្នាក់ដកហូតប្រាក់ក្លែងក្លាយជិត ២មឺុនដុល្លារ និងសម្ភារ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងជំនាញព្រហ្មទណ្ឌកងរាជអាវុធហត្ថ ចុះអនុវត្តពាក្យបណ្ដឹងជនរងគ្រោះ ក្នុងនោះ ឃាត់ខ្លួនស្រ្តីសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឆបោកប្រាក់តាមវីងវេរលុយ ម្នាក់ រួមទាំងដកហូតនូវប្រាក់ដុល្លារក្លែងក្លាយ ជិត ២ម៉ឺនដុល្លារ និងសម្ភារផងដែរ ។ សមត្ថកិច្ចឲ្យដឹងថា ស្រីស្រស់នេះជាមុខសញ្ញា​ បោកប្រាស់ខាងលក់ គ្រឿងសង្ហារឹម ឬឈើ​ តាមប្រព័ន្ធអនឡាញ ។

ប្រតិបត្តិការខាងលើ ធ្វើឡើងនៅវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកងកម្លាំងចុះប្រតិបត្តិការបានឲ្យដឹងថា ស្រ្តីសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនឈ្មោះ ហុក វុទ្ធតី ហៅឈាង ម៉ៃ អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន មានទីលំនៅភូមិកាប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ការឃាត់ខ្លួនស្រ្តីសង្ស័យខាងលើនេះ គឺអនុវត្តឡើងតាមពាក្យបណ្ដឹងរបស់ឈ្មោះ អឹុម ដារត្ន័ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងខ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានខាងលើបន្តថា ក្នុងពាក្យបណ្ដឹងជនរងគ្រោះ ស្រ្តីសង្ស័យបានឆបោកប្រាក់ដុល្លារតាមវីងវេរលុយចំនួន ៤០០ដុល្លារ និងចំនួន ៣លានរៀលទៀត ក្នុងអំឡុងខែសីហា ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះ ក្នុងនោះកម្លាំងដកហូតនូវវត្ថុតាង និងសម្ភាររួមមាន ប្រភេទក្រដាស់ប្រាក់ដុល្លារ(១០០)ចំនួន ១៥៣០០ដុល្លារ(មួយមឺុនប្រាំពាន់បីរយដុល្លារ) ទូរស័ព្ទដៃចំនួន ១គ្រឿងម៉ាកអាយហ្វូនសឺវេន លេខ ០៧០ ៦០៩ ០៤៥ ខ្សែក ១ខ្សែលោហធាតុពណ៌លឿង នាឡិកាដៃចំនួន ២គ្រឿង អត្តសញ្ញាណសញ្ជាតិខ្មែរលេខ ១៦០២៩៤៤៥៨ ចំនួន ១សន្លឹក កាបូបដៃ១។

ប្រភពដដែលខាងលើបន្តទៀតថា បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួន រួមទាំងវត្ថុតាង និងសម្ភារ បាននាំយកទៅបន្តនីតិវិធីនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដើម្បីបំពេញសំណុំបែបបទ និងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ៕ ប៉ឹម ពិន


ចែករំលែក៖