ព័ត៌មានទាន់ហេតុការណ៍៖

លោកកង វង ចៅសង្កាត់ចោមចៅទី១ ដាក់គ្រឿងចក្រ កាយផ្លូវប្រវែង៤៥០ម៉ែត្រដាក់ប្រព័ន្ធលូបង្ហូរទឹក

ចែករំលែក៖

ភ្នំពេញ៖ ផ្លូវលំមួយខ្សែដែលមានទីតាំងស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលធ្លាប់តែជន់លិច ធ្វើដំណើរមិនរួច ខណៈភ្លៀងមកម្តងៗ ពេលនេះ ត្រូវបានលោកចៅសង្កាត់ដាក់គ្រឿងចក្រ ដើម្បីកាយប្រព័ន្ធលូបង្ហូរទឹកចេញ ដើម្បីប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ។

លោកកង វង ចៅសង្កាត់ចោមចៅទី១ បានប្រាប់ ឲ្យដឹងថា ដោយសារតែមើលឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ខណៈផ្លូវខាងលើមានជង្ហុកធំៗ ពេលភ្លៀងមកម្តងៗ គ្មានប្រព័ន្ធលូដើម្បីបង្ហូរទឹកចេញ ដក់ទឹកផ្លូវ ធ្វើដំណើរមិនរួច ទើបលោកសុខចិត្តចំណាយលុយផ្ទាល់ខ្លួន ដាក់គ្រឿងចក្រមកកាយប្រព័ន្ធលូដើម្បីបង្ហូរទឹកចេញជៀសវាងជន់លិច ។

លោក បានបន្តថា ការកាយដាក់ប្រព័ន្ធលូបង្ហូរទឹកខាងលើនេះ មានប្រវែងប្រមាណ៤៥០ម៉ែត្រ ដោយចន្លោះ ខ្លះគាត់ទិញលូដាក់ និងខ្លះទៀត ដែលនៅចំខាងមុខផ្ទះប្រជាពលរដ្ឋ ទុកឲ្យប្រជាពលរដ្ឋអ្នកទិញដាក់ខ្លួនឯង។

លោក កង វង បានបន្តទៀតថា ផ្លូវលំខាងនេះនៅថ្ងៃអនាគត លោកនឹងគំរោងចាក់បេតុងបន្តទៀត ដើម្បីប្រជាពលរដ្ឋកាន់តែងាយស្រួលពេលធ្វើដំណើរ ៕ សុខាសែនជ័យ


ចែករំលែក៖