ភ្នំពេញ៖ លោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ បានបន្តការសាកសួរលើឪពុក និងកូនស្រី ជនជាតិកូរ៉េ២នាក់ ពាក់ព័ន្ធករណីឆបោក និងលួចប្រាក់ពីក្រុមហ៊ុនចិនមួយអស់ប្រាក់ជិត៨លានដុល្លារអាមេរិក ។
មន្ត្រីតុលាការបញ្ជាក់ថា ជនសង្ស័យដែលត្រូវចាប់ខ្លួនទី១ឈ្មោះ ចូ ស៊ូពិន cho so in ភេទប្រស អាយុ២៩ឆ្នាំ ជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនលេខ M36107313 ។ ជនសង្ស័យទី២ឈ្មោះ ចូ សាមហ្សុង cho Samsung ភេទប្រុស អាយុ៦០ឆ្នាំ ជាឪពុក ទីលំនៅបច្ចុប្បន្នផ្ទះលេខ ១៥ ផ្លូវ១១២៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនរងគ្រោះដែលប្ដឹងជនជាតិកូរ៉េទាំង២នាក់ឪពុកកូនឈ្មោះ ជិន ជីហុង Jin zhehong ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន ជាពាណិជ្ជករ តំណាងឲ្យក្រុមហ៊ុនShenyang Aiweiou Healfh Products Co, ltd មានអសយដ្ឋានផ្ទះលេខ ២៧ ផ្លូវលេខ ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ឥឡូវនេះជនសង្ស័យទាំង២នាក់ កំពុងស្ថិតក្រោមការសាកសួររបស់លោកព្រះរាជអាជ្ញារងសៀង សុខ ។
ប្រភពព័ត៌មាន បញ្ជាក់ថា ចំពោះពាក្យបណ្ដឹងរបស់ក្រុមហ៊ុនចិនដែលបានប្ដឹងជនសជាតិកូរ៉េពីបទឆបោកមានទឹកប្រាក់ចំនួន២៩២,០៤៥ដុល្លារ ប្រព្រឹត្តកាលពីអំឡុងខែ វិច្ឆិកា ឆ្នាំ២០១៦ និងបទលួចមានទឹកប្រាក់ចំនួន៧,២០៥,៨៨២ដុល្លារ ប្រព្រឹត្តក្នុងឆ្នាំ២០១៧ និងបទក្លែងឯកសារសាធារណៈ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង ។
កាលពីឆ្នាំ២០១៦ ក្រុមហ៊ុនចិន Shenyang ត្រូវការទិញរថយន្តអាមេរិកទំនើបមួយគ្រឿងម៉ាក LINCOLN NAVEGATOR Airforce one ផលិតឆ្នាំ២០១៧ ពីក្រុមហ៊ុន Tianjin Baochang Automobile សម្រាប់ទទួលភ្ញៀវពិសេសក្នុងឆ្នាំ២០១៧ ដែលមានតម្លៃទីផ្សារពេលនោះ ៣០០,០០០ដុល្លារ ។
ស្រាប់តែពេលនេះ ឈ្មោះ ចូ ស៊ូពិន ដែលជាជំនួយការប្រធានក្រុមហ៊ុនបាននិយាយថាឪពុករបស់គាត់ឈ្មោះ ចូ សាមហ្សុង មានបទពិសោធក្នុងការទិញ និងនាំចូលរថយន្តក្នុងតម្លៃទាបជាងក្រុមហ៊ុនTianjing គឺប្រហែលតម្លៃ ២២២,០០០ដុល្លារប៉ុណ្ណោះ ។
ពេលនោះក្រុមហ៊ុនដែលកុម្ម៉ង់ទិញបានពន្យល់អំពីលក្ខណៈរថយន្តដែលទិញគឺមានបំពាក់ឧបករណ៍ទំនើប និងកញ្ចក់កាងការពារគ្រាប់កំភ្លើង ។
បន្ទាប់មកពួកគេបានឯកភាពគ្នា ហើយក្រុមហ៊ុនបានផ្ទេរប្រាក់ឲ្យចំនួន៨ដង ស្មើទឹកប្រាក់៣១៤,០០០ដុល្លារ ឲ្យចូ ស៊ូពិន និងចូ សាមហ្សុង ។ លុះដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ទើបពួកគេបានយករថយន្តជជុះមួយគ្រឿងមានភិនភាគប្រហាក់ប្រហែលនឹងរថយន្តដែលក្រុមហ៊ុនកុម្ម៉ង់មកឲ្យ។
ពេលនោះក្រុមហ៊ុនមិនទទួលយកឡើយ ហើយពួកគេក៏បានថានឹងយករថយន្តថ្មីមកឲ្យហើយក៏យករថយន្តជជុះនោះទៅវិញបាត់រហូតដល់ពេលនេះ ។
មិនតែប៉ុណ្ណោះនៅពេលឈ្មោះ ចូ ស៊ូពិន ធ្វើជាជំនួយការរបស់នាយកក្រុមហ៊ុន បានឃុបឃិតគ្នាជាមួយឈ្មោះ ចូ សាមហ្សុង ជាឪពុកបានលួចដកសាច់ប្រាក់សុទ្ធរបស់ក្រុមហ៊ុនអស់ចំនួន ៧,២០៥,៨៨២ដុល្លារទៀត ហើយរត់ទៅប្រទេសកូរ៉េវិញ ទើបតែថ្មីៗនេះបុរសជនជាតិកូរ៉េទាំង២នាក់ឪពុកកូនបានមករស់នៅប្រទេសកម្ពុជាវិញដោយទិញខុនដូររស់នៅ និងទិញរថយន្តមាករ៉ង់រ៉ូវើពាក់ស្លាកលេខ ខ.ម មានអង្គរក្សការពារជិះទៀតទើបក្រុមហ៊ុនដែលរងគ្រោះបានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនតែម្ដង ៕ ចេស្តា