ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជាបួនបណ្តាលឲ្យខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកាមរីហាយប្រីត មួយគ្រឿង បុករថយន្តកាមរីបាឡែន នៅផ្លូវបែកជាបួន បណ្តាលឲ្យរថយន្តរងការខូចខាតទាំងសងខាង។

ហេតុការណ៍នេះ កើតឡើងកាលពីម៉ោងជិត១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិងនៅតាមបណ្តោយផ្លូវ៤៣២ កែងផ្លូវ ១០៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកតូយ៉ូតា កាមរីហាយប្រីត ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2V-1562 បើកតាមបណ្តោយផ្លូវលេខ១០៥ ក្នុងទិសដៅពីត្បូងទៅជើង យ៉ាងលឿន ខណៈមកដល់ផ្លូវបែកជាបួន បានជ្រុលទៅបុករថយន្តតូយ៉ូតា កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-0373 បើកតាមបណ្តោយផ្លូវលេខ៤៣២ ក្នុងទិសដៅពីលិចទៅកើត បណ្តាលឲ្យរថយន្តកាមរីបាឡែន វិលមួយជុំ រងការខូចខាតផ្នែកខាងឆ្វេង រថយន្តស្ទើរតែទាំងស្រុង។ ចំណែករថយន្តកាមរីហាយប្រីតរងការខូចខាតផ្នែកខាងមុខ តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកដល់ទីតាំងកន្លែងកើតហេតុ វាស់វែង និងស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖