ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់ស្លាប់ជាប់គ្នានៅលើផ្លូវជាតិលេខ៣យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ សម្លេងទ្រហោយំដ៏គួរឲ្យសង្វេគរបស់បងប្អូនសាច់ញាតិ ជនរងគ្រោះ២នាក់ ដែលស្លាប់បាត់បង់ជីវិតនៅផ្លូវជាតិលេខ៣ ដោយសារតែជនរងគ្រោះជិះម៉ូតូឌុបគ្នាទៅបុកជាមួយរថយន្តដឹកដូង ក្នុងទិសដៅបញ្ច្រាសគ្នា យ៉ាងពេញទំហឹង កាលពីវេលាម៉ោង៣ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទួលស្លែ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ហេង វិថី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ ជាសិស្សថ្នាក់១១ រស់នៅភូមិជ្រៃ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពុងស្ពឺ ជាម្ចាស់ម៉ូតូ និងឈ្មោះខាត់ ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ភូមិផ្សារគុមឫស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងពីម្ចាស់រថយន្តបង្កខាងលើបានឲ្យដឹងថា នៅពេលកើតហេតុ រថយន្តម៉ាក KAI ពណ៌ខៀវ ពាក់ស្លាកលេខ កំពត 1A-1803 បានដឹកដូង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ឡើងពីខេត្តមកភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានយុវជន២នាក់ធ្វើដំណើរដោយជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសុគីឡេត ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1U-2619 ទិសដៅបញ្ច្រាសជាមួយរថយន្តក្នុងល្បឿនយ៉ាងលឿន ហើយក៏ចូលទៅខាងផ្លូវរថយន្ត និងបុកជាមួយរថយន្តខាងលើទល់មុខគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យយុវជន២នាក់ភាគីខាងម៉ូតូ បោកក្បាលជាមួយរថយន្ត និងថ្នល់ ស្លាប់ក្នុងថ្លុកឈាមទាំង២នាក់យ៉ាងអាណោចអាធ័ម រីឯម៉ូតូបានខ្ទេចផ្នែកខាងមុខទាំងស្រុង ។ ភ្លាមៗម្ចាស់រថយន្តក៏បានបន្តដំណើរទៅដល់គោលដៅ២៤ម៉ោងរបស់សមត្ថកិច្ច ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្ដិ៍តែម្ដង ។

ក្រោយកើតហេតុ មានសាច់ញាតិសពជនរងគ្រោះជាច្រើននាក់បានចុះមកដល់កន្លែងកើតហេតុទាំងអារម្មណ៍តក់ស្លុត ទួញយំបោកខ្លួនសោកស្ដាយជនរងគ្រោះ ដែលស្លាប់ ។ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍បានវាស់វែង យកម៉ូតូ និងរថយន្តព្រមទាំងតៃកុង ប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់ឲ្យសាច់បងប្អូនយកទៅធ្វើបុណ្យនៅឯស្រុកតាមប្រពៃណី ៕ ភារ៉ា ដង្កោ


ចែករំលែក៖