កន្លងមកយើងធ្លាប់ដឹងថា មានតែពន្ធនាគារនៅតំបន់អឺរ៉ុបប៉ុណ្ណោះដែលល្អបំផុត ដោយសារតែមានអ្នកប្រព្រឹត្តបទល្មើសតិចតូច។ ដូចជាពន្ធនាគារ Bastoy លើកោះមួយនៅក្នុងប្រទេសន័រវេស ដែលមានអ្នកទោសប្រមាណ១០០នាក់ប៉ុណ្ណោះ ដោយអ្នកទោសទាំងនោះរស់នៅក្នុងផ្ទះដាច់ដោយឡែកៗពីគ្នា មានបន្ទប់គេង បន្ទប់ទឹក ផ្ទះបាយ។ ក្រោយពីការងារអ្នកទោសអាចទៅលេងកីឡាបានគ្រប់ប្រភេទ។ អ្វីដែលចាប់អារម្មណ៍បំផុតនោះ គឺអ្នកយាមមានតែម្នាក់ប៉ុណ្ណោះ ចំណែកអ្នកទោសមានជិត១០០នាក់។
គ្រួសារជាច្រើនត្រូវបានកាត់ផ្តាច់ នៅពេលដែលប្រពន្ធ ឬប្តីប្រព្រឹត្តល្មើសច្បាប់ ត្រូវជាប់ពន្ធនាគារ ធ្វើឲ្យកូនតូចៗរស់នៅក្នុងស្ថានភាពកំពា្រ ខ្វះភាពកក់ក្តៅ ពីឪពុក ឬម្តាយ។ ទាំងនោះហើយបានជាពន្ធនាគារ Aranjuez នៅក្នុងប្រទេសអេស្ប៉ាញ ត្រូវបានគេឲ្យឈ្មោះថា ជាពន្ធនាគារគ្រួសារ។ ដោយនៅទីនោះប្រពន្ធកូនអាចចូលដេកនៅជាមួយគ្នាបាន។
អ្វីដែលចាប់អារម្មណ៍បំផុតនោះគឺ នៅក្នុងប្រទេសឥណ្ឌា ដែលជាប្រទេសមានបទល្មើសខ្ពស់នៅក្នុងតំបន់ ក៏មានពន្ធនាគារសម្រាប់គ្រួសារដូចគ្នា រដ្ឋាភិបាលទីក្រុង Indore រដ្ឋ Madhya Brasesh ប្រទេសឥណ្ឌា បានដាក់ឲ្យប្រើប្រាស់សាកល្បងប្រព័ន្ធ «ពន្ធនាគារបើក» គឺអនុញ្ញាតឲ្យអ្នកទោសអាចនាំគ្រួសារចូលទៅរស់នៅជាមួយបាន។
«ពន្ធនាគារបើក»នេះ មានផ្ទះតូចៗដាច់ដោយឡែកដោយមានបន្ទប់ពីរ ក្នុងផ្ទះនីមួយៗ ជាទីកន្លែងដែលអ្នកទោសអាចនាំគ្រួសារទៅរស់នៅបាន។
លើសពីនេះទៅទៀត អ្នកទោសនៅពន្ធនាគារ ឈ្មោះ Devi Ahilyabai open Colony បានអនុញ្ញាតឲ្យចេញទៅធ្វើការនៅខាងក្រៅ ដើម្បីរកប្រាក់ទៀតផង។
សារព័ត៌មាន The India Express បានដកស្រង់សម្តីលោក Aditi Dauturvedi ប្រធានពន្ធនាគារខាងលើមកបញ្ជាក់ថា អ្នកទោសអាចទៅធ្វើការនៅខាងក្រៅចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៦ល្ងាច ប៉ុន្តែមិនអនុញ្ញាតឲ្យចេញក្រៅក្រុងឡើយ។
សារព័ត៌មាន PTI បានដកស្រង់សម្តីចៅក្រម Rajeev Kumar Shrivastava នៅទីក្រុង Indore ប្រទេសឥណ្ឌាដែលបានបញ្ជាក់ថា «នៅពេលខ្លះមនុស្សប្រព្រឹត្តល្មើស នៅក្នុងពេលខឹងខ្វះពិចារណា។ អ្នកទាំងនោះបើឃុំខ្លួនយូរនៅពន្ធនាគារ នឹងបង្កឲ្យមានទស្សនៈប្រឆាំងសង្គម។ ដើម្បីការពារអ្នកទោសពីបញ្ហាទាំងនោះ ក្រោយចេញពីគុក «ពន្ធនាគារបើក» ជាវិធីសាស្ត្រដ៏ល្អជួយដល់ពួកគេ»។
បច្ចុប្បន្ន មានអ្នកទោស១០នាក់ កំពុងតែរស់នៅជាមួយគ្រួសារនៅក្នុង«ពន្ធនាគារបើក» Devi Ahilyabai Open Colony ៕ ម៉ែវ សាធី