ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងក្មេងៗឃ្វាលក្របីចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ខណៈប្រទះឃើញសពបុរសម្នាក់អណ្ដែតទឹក នៅចំណុចទន្លេវៃគោកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិឃ្លាំង ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យកាសែតនគរវត្តដឹងថា បុរស ដែលប្រទះឃើញមានឈ្មោះសៅ សម្ភស្ស ហៅ ផាន ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរកសិកររស់នៅភូមិឃ្លាំងឃុំ ពោធិរាជ ស្រុកស្វាយជ្រំ ។
បើតាមក្រុមគ្រួសារបានរៀបរាប់ទាំងទឹកភ្នែកថា ប្ដីគាត់គឺមានសតិមិនល្អសរសៃប្រសាទយូរឆ្នាំមកហើយ ដោយបានយកទៅព្យាបាលនៅមន្ទីរពេទ្យដែរ ប៉ុន្តែនៅមិនបានធូស្រាលសោះ ណាមួយប្ដីគាត់ធ្លាប់បានយកកាំបិតចាក់ខ្លួនឯង តែមិនស្លាប់ដោយត្រូវក្រុមគ្រួសារឃើញទាន់ ក៏យកទៅសង្គ្រោះភ្លាមៗផងដែរ ។
ប្រភពបន្តថា កាលនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល ក៏បាត់ប្ដីមិនឃើញត្រឡប់មកផ្ទះ ខណៈក្រុមគ្រួសារដើររកដែរ ប៉ុន្តែនៅមិនប្រទះឃើញ រហូតដល់ព្រឹកឡើងថ្ងៃទី១៧ ខែកញ្ញា ស្រាប់តែមានការភ្ញាក់ផ្អើល ដោយអ្នកភូមិរត់មកប្រាប់ថា ប្រទះឃើញប្ដីគាត់នៅចំណុចទន្លេវៃគោ ក្នុងភូមិឃ្លាំងនេះតែម្ដង ។
សពក្រោយពីសមត្ថកិច្ចពិនិត្យរួច ក៏បានប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន