ព័ត៌មានទាន់ហេតុការណ៍៖

សុពលភាពតំណាងរាស្រ្តថ្មីនឹងត្រូវផ្តល់នៅថ្ងៃទី១៩ ខែកញ្ញា

ចែករំលែក៖

ភ្នំពេញ ៖ សុពលភាពតំណាងរាស្រ្តថ្មី ចំនួន៣៨រូបនឹងត្រូវផ្តល់នៅថ្ងៃពុធស្អែកនេះ បន្ទាប់ពីបានឆ្លងយោបល់ពីគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភារួច ។

កិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ ព្រឹកថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ បានសម្រេចថា តំណាងរាស្រ្តថ្មីទាំង៣៨រូបនេះនឹងត្រូវប្រកាសផ្តល់សុពលភាព ក្នុងសម័យប្រជុំពេញអង្គរបស់រដ្ឋសភាលើកទី១នីតិកាលទី៦ ដែលនឹង ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ខាងមុខនេះ ។ នេះបើយោងតាមការឱ្យ ដឹងពីលោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រាប់អ្នកសារព័ត៌ មានក្រោយកិច្ចប្រជុំ។

លោក ឈាង វុន បានបន្តថា ក្រោយពី ផ្តល់សុពលភាពរួច តំណាងរាស្រ្តថ្មីទាំង ៣៨រូបនេះ នឹងត្រូវឱ្យទៅស្បថចូលកាន់ តំណែងនៅព្រះបរមរាជវាំងនៅរសៀលថ្ងៃដដែល។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) កាលពីថ្ងៃទី១២ ខែកញ្ញា បានសម្រេច ទទួលស្គាល់បេក្ខជនតំណាង រាស្រ្តថ្មីចំនួន៣៨រូប ក្នុងចំណោមបេក្ខជនតំណាងរាស្ត្រទាំងពេញសិទ្ធិ និងបម្រុង​

ចំនួន៥០រូប តាមសំណើរបស់គណបក្ស ប្រជាជនកម្ពុជា ក្រោយពីអ្នកទាំងនោះ បានដាក់ពាក្យលាលែងពីសមាជិកសភា ដើម្បីទៅកាន់តំណែងថ្មីក្នុងជួររាជរដ្ឋាភិ បាលវិញ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គ.ជ.បបានឱ្យដឹងថា បេក្ខជនតំណាង រាស្រ្តថ្មីចំនួន៣៨រូប ដែលត្រូវបានទទួល ស្គាល់នេះ គឺមាននៅមណ្ឌលបាត់ដំបង ចំនួន២រូប ,មណ្ឌលកំពង់ចាមចំនួន៤រូប, មណ្ឌលកំពង់ឆ្នាំងចំនួន៣រូប ,មណ្ឌល កំពង់ស្ពឺចំនួន៣រូប, មណ្ឌលកំពង់ធំ ចំនួន១រូប មណ្ឌលកណ្តាល៥រូប , មណ្ឌល ក្រចេះចំនួន១រូប, មណ្ឌលរាជធានីភ្នំពេញ ចំនួន៤រូប , មណ្ឌលព្រៃវែងចំនួន៥រូប មណ្ឌលពោធិ៍សាត់ចំនួន៣រូប , មណ្ឌល ព្រះសីហនុចំនួន២រូប , មណ្ឌលកែបចំនួន ១រូប មណ្ឌលតាកែវចំនួន១រូប មណ្ឌលឧត្តរ មានជ័យចំនួន១រូប និងមណ្ឌលត្បូងឃ្មុំ ចំនួន២រូប ៕ ហេង សូរិយា


ចែករំលែក៖