ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ដ្រីថា គណៈកម្មការគ្រប់គ្រងឆ្នេរកំពុងពិនិត្យនិងចាត់ការករណីចាក់ដីលុបឆ្នេរសមុទ្រ

ចែករំលែក៖

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ដ្រី ក្រសួងទេសចរណ៍ និងជាអនុប្រធាន អចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងឆ្នេរបាន ថ្លែងថា គណៈកម្មការគ្រប់គ្រងឆ្នេរ ដែល មានលោកឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា ជា​ប្រធានកំពុងតែពិនិត្យ និងចាត់វិធានការ ​​​​ ចំពោះក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង នៅខេត្តព្រះសីហនុ។

បើតាមលោករដ្ឋមន្ដ្រី ថោង ខុន ក្រុមហ៊ុនដែលកំពុងអភិវឌ្ឍន៍នៅតំបន់ឆ្នេរព្រែកត្រែង កំពុងតែបំពានច្បាប់ស្ដីពីការគ្រប់គ្រងឆ្នេរ ដែលចេញដោយរាជរដ្ឋាភិបាល និង គណៈកម្មការគ្រប់គ្រងឆ្នេរ ដែលអនុញ្ញាតឲ្យគម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរ ត្រូវមាន​ចម្ងាយយ៉ាងហោចណាស់១០០ម៉ែត្រ ឬ ឆ្ងាយជាងនេះ។

លោករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា គណៈ កម្មការគ្រប់គ្រងឆ្នេរ កំពុងតែពិនិត្យអំពីទិដ្ឋភាពច្បាប់ជុំវិញករណីនេះ ហើយអាចឈានទៅកំណត់ឲ្យក្រុមហ៊ុនខាងលើ កាយដីចេញ ពីតំបន់ដែលបានចាក់លុប ឬអនុវត្តវិធានការច្បាប់ជាបន្ដបន្ទាប់ ព្រោះរាជរដ្ឋាភិបាល មិនបណ្ដោយឲ្យក្រុមហ៊ុននោះបំផ្លាញឆ្នេរដ៏ ស្រស់ស្អាត និងកំពុងទាក់ទាញភ្ញៀវទេសចរ នោះទេ។

អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ គ្រប់គ្រងឆ្នេរ លោក ថោង ខុន ក៏បានឲ្យ ដឹងដែរថា តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសស្ថិតក្នុង គម្រោងធនាគារ អភិវឌ្ឍន៍អាស៊ី ADB កំពុងតែរៀបចំធ្វើផ្លូវនៅតាមតំបន់ឆ្នេរបន្ថែមទៀត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរកម្សាន្ដ ពីសំណាក់ភ្ញៀវទេសចរ ផងដែរ។

អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ធ្លាប់បានគូសបញ្ជាក់ថា ក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង ដែលធ្វើឲ្យផ្ទុះការរិះគន់ពីប្រជាពលរដ្ឋនេះ មិនមែន ជាក្រុមហ៊ុនរបស់ចិននោះទេ ពោលគឺក្រុមហ៊ុនអភិវឌ្ឍន៍របស់ខ្មែរ។

បើតាមប្រភពព័ត៌មានផ្សេងទៀត បាន ឲ្យដឹងថា ក្រុមហ៊ុនដែលបានចាក់ដីលុប ឆ្នេរព្រែកត្រែង នៅខេត្តព្រះសីហនុ គឺជា ក្រុមហ៊ុនរបស់លោកស្រី ជឹង សុភាព ហៅ យាយភូ។

ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជាក្លាយជាកន្លែងស្រូបទាញភ្ញៀវទេសចរដ៏មានសក្តានុពលនាពេលបច្ចុប្បន្ន។ របាយការណ៍ បង្ហាញថាក្នុងឆ្នាំ២០១៧ តំបន់ឆ្នេរសមុទ្រកម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៧៤ម៉ឺននាក់ កើន១៥%។ ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០១៨តំបន់ឆ្នេរសមុទ្រកម្ពុជាទទួលបានភ្ញៀវទេសចរ ២.៣៨៥.៧៥៣ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមាន ២.០៥២.៣១៧នាក់ និងភ្ញៀវទេសចរ អន្តរជាតិមាន ៣៣៣.៤៣៦នាក់ កើន ១៦,៣៧%។

តាមការព្យាករ តំបន់ឆ្នេរសមុទ្រ កម្ពុជាទាំងមូលអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ២លាននាក់ និងភ្ញៀវទេសចរ ជាតិ​ប្រមាណ៦លាននាក់ នៅឆ្នាំ២០២០ និង នៅឆ្នាំ២០៣០ អាចទទួលបានទេសចរអន្តរ ជាតិប្រមាណ៣លាននាក់និងភ្ញៀវទេសចរ ជាតិប្រមាណ៨លាននាក់។

ដោយមើលឃើញពីសក្តានុពលនេះ លោក ថោង ខុន អំពាវនាវដល់អាជ្ញាធរ ខេត្តព្រះសីហនុ មានចំណាត់ការឲ្យបានតឹងរឹុងក្នុងការថែរក្សាឆ្នេរសមុទ្រនេះ កុំឲ្យមាន ការសាងសង់រំលោភ និងទន្ទ្រានផ្សេងៗ៕ ហេង សូរិយា


ចែករំលែក៖