ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចថា មកពីជនរងគ្រោះនោះទេ ម៉ូតូនៅពីមុខរថយន្តហើយបត់ឆ្វេងមិនប្រុងប្រយ័ត្ន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិខ្វិតធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម រវាងរថយន្ដម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ គ្មានស្លាកលេខ និងម៉ូតូសង់កូរ៉េ កាលពីវេលាម៉ោង៦និង១០នាទី បានបណ្តាលឲ្យអ្នកបើកបរ ម៉ូតូស្លាប់ បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកព្រៃឈរ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តនិងម៉ូតូបើកបរនៅលើចំណុចផ្លូវខាង លើ ។ អ្នកបើកបររថយន្តត្រូវបានគេស្គាល់ឈ្មោះសឿន សារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មាន ទីលំនៅសង្កាត់កាកាប ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បើកបររថយន្តម៉ាកឡង់គ្រីស័រ ក្នុង ទិសដៅពីលិចទៅកើត ។ ចំណែកអ្នកបើកបរម៉ូតូឈ្មោះខេន សុខន ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅភូមិខ្វិតធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បើកបរម៉ូតូម៉ាក សង់កូរ៉េ ពណ៌ ក្រហម ពាក់ស្លាកលេខទ-៤៩៤១ភព១ បើកក្នុងទិសដៅស្របទិសជាមួយរថយន្ត ។

ប្រភពព័ត៌មានបន្តថា លុះបើកមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកបរម៉ូតូបានបត់ឆ្វេង ខណៈនៅពីមុខរថយន្តបណ្តាលឲ្យរថយន្តបុកពេញមួយទំហឹងរងរបួសធ្ងន់ ហើយបានស្លាប់ នៅពេលបញ្ជូនសង្គ្រោះទៅមន្ទីរពេទ្យ ។

តាមកំណត់ហេតុរបស់សមត្ថកិច្ចនគរបាលស្រុកព្រៃឈរអះអាងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺផ្តើមឡើងពីអ្នកបើកបរម៉ូតូ ខណៈម៉ូតូនៅពីមុខរថយន្ត សម្រេចចិត្តបត់ឆ្វេងមិនប្រុងប្រយ័ត្ន ។ កំណត់ហេតុបន្តថា រថយន្ដនិងម៉ូតូខូចខាតធ្ងន់ធ្ងរដូចគ្នា ។ ចំណែក អ្នកបើកបរម៉ូតូស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យស្រុកព្រៃឈរ ។

បច្ចុប្បន្នវត្ថុតាងទាំង២ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដើម្បីដោះស្រាយតាមនីតិវិធី៕ វណ្ណៈ


ចែករំលែក៖