ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូនិងម៉ូតូពន្លះគ្នាបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីថ្ងៃអង្គារ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៥និង៣០នាទីព្រឹក នៅលើកំណាត់ផ្លូវលំក្រាលក្រួសក្រហម ភូមិពោធិ៍ពាន្វ ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកនឹងម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។

សមត្ថកិច្ចអះអាងថា អ្នកបើកបរម៉ូតូម៉ាក SUZUKI Smash ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម 1E.5406 ឈ្មោះ ហ៊ុន ចក់ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិតាមុី ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ របួសធ្ងន់ មិនពាក់មួកសុវត្ថិភាព បើកបរទិសដៅពីលិចទៅកើត ។

អ្នកបើកបរម៉ូតូម៉ាកកូរ៉េ C100 ពណ៌ក្រហម គ្មានស្លាកលេខ ដោយឈ្មោះ ងួន ខុម ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិតាព្រៃ ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព បើកបរទិសដៅពីកើតទៅលិច ។

មូលហេតុបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូ SUZUKI Smash បើកបរមិនប្រកាន់ស្តាំ ទៅបុកម៉ូតូ C100 ដែលកំពុងបើកបរក្នុងទិសដៅផ្ទុយគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ និងប្រមូលវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖