ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ជិះម៉ូតូយ៉ាងលឿនទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ និងរងការខូចខាតសម្ភារយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរូបគេជិះម៉ូតូយ៉ាងលឿនជ្រុលទៅបុកម៉ូតូសណ្ដោងរុឺម៉កពីក្រោយយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៣ និង៤០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១៣៦ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុនោះគឺ គេឃើញម៉ូតូសណ្ដោងរ៉ឺម៉ក បើកបរតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុទំនងជាបម្រុងបត់ត្រឡប់ក្រោយ ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GX-3149 បានធ្វើដំណើរមកពីក្រោយក្នុងល្បឿនយ៉ាងលឿន និងអក់ស័រជាមួយម៉ូតូសណ្ដោងរុឺម៉កផងនោះ ក៏បុកពីក្រោយពេញទំហឹងតែម្ដង បណ្ដាលឲ្យម៉ូតូសណ្ដោងរុឺម៉កខ្ទាតឡើងលើឃឿនផ្លូវរងការខូចខាតយ៉ាងដំណំ រីឯម៉ូតូហុងដាឌ្រីម ដែលបុកពីក្រោយក៏រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ ព្រមទាំងធ្វើឲ្យម្ចាស់ម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ ។

ក្រោយពេលកើតហេតុភ្លាមៗ យុវជនម្នាក់ ដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះភ្លាមៗ ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកវាស់វែងយកម៉ូតូ និងម៉ូតូសណ្ដោយរុឺម៉កទៅរក្សាទុកនៃស្នងការដ្ឋាននគរបារង់ចាំដោះស្រាយតាមក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖