ភ្នំពេញ៖ អ្នកនាំពាក្យ និងជាទីប្រឹក្សានៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ លោក កែវ វី បានថ្លែងឲ្យដឹងថា រហូតដល់ពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៨ នេះ ចំនួនអ្នកស្លាប់និងរងរបួសដោយសារទឹកជំនន់ មានរហូតដល់១៦៥នាក់ និងផ្ទះ ប្រជាពលរដ្ឋខូចខាត ទាំងស្រុង និងមធ្យម ជាង១២ម៉ឺនគ្រួសារ ។
នៅព្រឹកថ្ងៃអង្គារ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នេះ លោក កែវ វី បានឲ្យដឹងថា រហូតដល់ថ្ងៃនេះមានប្រជាពលរដ្ឋយ៉ាងតិចចំនួន៥២នាក់ បានលង់ ទឹកជំនន់ទន្លេ និងជំនន់ទឹកភ្លៀងស្លាប់ ហើយ ក្នុងនោះមានកុមារចំនួន២៦នាក់និង រងរបួសដោយសារពស់និងសត្វផ្សេងៗខាំ និងចឹកមានចំនួន១១៣នាក់ ។
លោក កែវ វី បានឲ្យដឹងទៀតថា ខេត្តដែលបានរងគ្រោះដោយសារទឹកជំនន់នាពេលកន្លងមកនិងរហូតដល់ពេលនេះគឺមានចំនួន២២ខេត្ត ហើយក្នុងនោះផ្ទះប្រជាពល រដ្ឋទំហំ១២០.២៨៥គ្រួសាររងផលប៉ះពាល់ និងដំណាំកសិផលទំហំ៨៤.៦៣៩ហិកតាបានរងផលប៉ះពាល់មធ្យមនិងទំហំ៤៣. ០៨៩ហិកតាខូចខាតទាំងស្រុងហើយ និងសត្វពាហនៈ ចំនួន១២៨ក្បាលបានងាប់ ផងដែរ។ក្រៅពីរងផលប៉ះពាល់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ក៏មានផលប៉ះពាល់នូវសាលារៀន ចំនួន៣០៦ខ្នង, វត្តអារាមចំនួន១៥៦វត្ត និងផ្លូវសាធារណៈចំនួនជាងមួយសែន គីឡូម៉ែត្រផងដែរ។
លោក កែវ វី បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះគឺមិនទាន់មានការប្រែប្រួល អ្វីច្រើននោះទេ ទាក់ទងនឹងជំនន់ទឹកទន្លេ មេគង្គ និងជំនន់ទឹកភ្លៀងនេះពោលគឺខេត្ត ខ្លះ បានស្រកតិចតួចហើយខេត្តខ្លះបាន និងកំពុងឡើងតិចតួចផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយមបាន ប្រកាសកាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ឲ្យដឹងថា ទឹកជំនន់ទន្លេមេគង្គ បានឡើងដល់កម្រិតខ្ពស់និងកម្រិតប្រុងប្រយ័ត្នផងដែរ។
យ៉ាងណាក៏ដោយលោក កែវ វី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតទាក់ទងបញ្ហាគ្រោះទឹកជំនន់នេះ ហើយជាមួយគ្នានោះលោកក៏បានអំពាវនាវដល់អាជ្ញាធរឲ្យបង្កើនសកម្មភាពបន្ថែមទៀតអន្តរាគមន៍ជួយ ដល់ប្រជាពលរដ្ឋ និងត្រូវជម្លៀសពួកគាត់ទៅទីទួលមានសុវត្ថិភាពឲ្យបានទាន់ពេលវេលា៕ ហេង សូរិយា